មីយ៉ាន់ម៉ា៖ ក្នុងជំនួបផ្លូវការនៅរដ្ឋធានីណៃពិដោ កាលពីល្ងាចថ្ងៃទី២២ ខែមេសា មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានផ្ដល់ «សញ្ញាវិជ្ជមាន» មួយដល់រដ្ឋមន្ត្រីការបរទេសថៃ ពាក់ព័ន្ធនឹងស្ថានភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ឃុំ។ លោក មីន អ៊ុងឡាំង បានបញ្ជាក់ថា លោកស្រីកំពុងត្រូវបាន «មើលថែយ៉ាងដិតដល់» ដើម្បីឆ្លើយតបទៅនឹងក្ដីបារម្ភរបស់បណ្ដាប្រទេសសមាជិកអាស៊ាន ចំពោះសុខុមាលភាពរបស់លោកស្រីនៅក្នុងការឃុំឃាំង។ ទោះជាយ៉ាងណា លោក ស៊ីហាសាក់ បានកត់សម្គាល់ថា មេដឹកនាំមីយ៉ាន់ម៉ារូបនេះ មិនបានបញ្ជាក់លម្អិតបន្ថែមពីជំហានបន្ទាប់នោះទេ។នេះបើតាមការចេញផ្សាយរបស់កាសែតCNA។
កាលពីសប្ដាហ៍មុន ទោសជាប់ពន្ធនាគារសរុប ២៧ ឆ្នាំរបស់លោកស្រី អ៊ុងសាន ស៊ូជី ក៏ត្រូវបានប្រកាសបន្ធូរបន្ថយចំនួនមួយភាគប្រាំមួយ (១/៦) ផងដែរ។ ការសម្រេចនេះគឺជាផ្នែកមួយនៃពិធីលើកលែងទោសទ្រង់ទ្រាយធំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលរួមមានទាំងការដោះលែងលោក វីន ម្យីន (Win Myint) អតីតប្រធានាធិបតី និងជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់លោកស្រី។ ការដោះលែងលោក វីន ម្យីន បានក្លាយជាកត្តាជំរុញឱ្យមានការអំពាវនាវតាមផ្លូវការទូតជាថ្មីម្តងទៀត សុំឱ្យរបបសឹកមីយ៉ាន់ម៉ាដោះលែងលោកស្រី ស៊ូជី ឱ្យមានសេរីភាពពេញលេញ។
គួររំលឹកថា លោកស្រី ស៊ូជី ត្រូវបានឃុំខ្លួនអស់រយៈពេលជិតកន្លះទសវត្សរ៍មកហើយ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ដោយសូម្បីតែសមាជិកគ្រួសារក៏ត្រូវបានអនុញ្ញាតឱ្យទាក់ទងលោកស្រីបានតិចតួចបំផុតដែរ។ ទោះបីជាមានការជជីកសួរពីសំណាក់អ្នកការទូត និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិយ៉ាងណាក៏ដោយ ក៏អាជ្ញាធរមីយ៉ាន់ម៉ាតែងតែទទូចថា ការឃុំខ្លួនលោកស្រីគឺជាចំណាត់ការតាមផ្លូវច្បាប់របស់តុលាការតែប៉ុណ្ណោះ។
លោក មីន អ៊ុងឡាំង ដែលទើបឡើងកាន់តំណែងជាប្រធានាធិបតី តាមរយៈសំឡេងឆ្នោតគាំទ្រដាច់ខាត បានបង្ហាញឆន្ទៈមោះមុតក្នុងការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិឡើងវិញ ដើម្បីស្តារទំនាក់ទំនងអន្តរជាតិ។ ក្នុងជំនួបកាលពីពេលថ្មីៗនេះ ភាគីថៃក៏បានបញ្ជាក់ជំហរក្នុងការត្រៀមខ្លួនជួយជ្រោមជ្រែងមីយ៉ាន់ម៉ាឱ្យបញ្ចប់សង្គ្រាមស៊ីវិល និងវិលត្រឡប់មកមានវត្តមានពេញលេញក្នុងគ្រួសារអាស៊ានវិញ នាពេលឆាប់ៗខាងមុខផងដែរ។