681 ezgif.com resize
Swift cc time

សង្គ្រាមនៅអ៊ីរ៉ង់ នឹងប្រឈមនាំឱ្យមនុស្សខ្វះ«ស្រោមអនាម័យ»ប្រើប្រាស់ ខណៈតម្លៃស្រោមបន្តឡើងថ្លៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ម៉ាឡេស៊ី៖ លោក Goh Miah Kiat អគ្គនាយកក្រុមហ៊ុន Karex កាលពីថ្ងៃ២១មេសាបានសម្ដែងក្ដីព្រួយបារម្ភថា មនុស្សនឹងខ្វះស្រោមអនាម័យប្រើប្រាស់ក្នុងពេលខាងមុខយ៉ាងខ្លី ដោយក្រុមហ៊ុនអាចនឹងត្រូវបានបង្ខំឱ្យដំឡើងថ្លៃស្រោមអនាម័យ យ៉ាងហោចណាស់ពី ២០% ទៅ ៣០% ប្រសិនបើសង្រ្គាមនៅអ៊ីរ៉ង់នៅតែបន្តដោយសារវាបានកាត់ផ្តាច់វត្ថុធាតុដើមមួយចំនួនដែលប្រើប្រាស់ក្នុងការផលិតស្រោមអនាម័យ។នេះបើតាមការចុះផ្សាយរបស់កាសែតCNN។

លោក Goh Miah Kiat អគ្គនាយកក្រុមហ៊ុន Karex

លោក Goh បានថ្លែងថា «ស្ថានភាពបច្ចុប្បន្នពិតជាមានភាពផុយស្រួយណាស់ ខណៈតម្លៃវត្ថុធាតុដើម និងការផលិតវេចខ្ចប់ កំពុងតែឡើងថ្លៃ។ យើងគ្មានជម្រើសអ្វីក្រៅពីការផ្ទេរការចំណាយទាំងនេះទៅកាន់អតិថិជននៅពេលនេះនោះទេ» ដោយសារយើងក៏កំពុងប្រឈមនឹងការចំណាយខ្ពស់លើការផលិត ហើយការវេចខ្ចប់ស្រោមអនាម័យ ក៏មានការយឺតយ៉ាវក្នុងការដឹកជញ្ជូនផងដែរ។

លោក Goh បានត្អូញថា ក្រុមហ៊ុនមានការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់រយៈពេលពីរបីខែទៀតប៉ុណ្ណោះ ខណៈ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Karex នៅរដ្ឋ Massachusetts សហរដ្ឋអាម៉េរិក ក៏បារម្ភពីការឡើងថ្លៃគ្រឿងផ្សំ និងសម្ភារៈដោយសារសង្រ្គាមនេះផងដែរ។

ចំណែកលោក Davin Wedel អគ្គនាយកក្រុមហ៊ុន Global Protection Corp. បានពន្យល់ថា ក្រុមហ៊ុនមិនទាន់មានគម្រោងផ្ទេរតម្លៃខ្ពស់នេះទៅកាន់អ្នកប្រើប្រាស់នៅឡើយទេ រហូតទាល់តែមើលឃើញថា តើការចំណាយខ្ពស់នេះជាបញ្ហាបណ្តោះអាសន្ន ឬយ៉ាងណា និងព្រមានពីការប្រឈមខ្វះស្រោមអនាម័យប្រើប្រាស់នាពេលខាងមុខដ៏ខ្លី ទោះក្រុមហ៊ុនព្យាយាមគ្រប់គ្រងតុល្យភាពតម្លៃយ៉ាងណាក្ដី។

លោក Davin Wedel អគ្គនាយកក្រុមហ៊ុន Global Protection Corp.

បន្ថែមពីនេះ អ្នកជំនាញពី ក្រុមហ៊ុនដ៏ធំបំផុតមួយនៅលើពិភពលោក KPMG បានព្រមានថា តំបន់អាស៊ីកំពុងប្រឈមមុខនឹងកង្វះខាតវត្ថុធាតុដើមសំខាន់ៗដែលនាំចូលពីមជ្ឈិមបូព៌ា និងបង្ខំឱ្យរោងចក្រផលិតត្រូវដំឡើងថ្លៃទំនិញដើម្បីទូទាត់ការចំណាយ និងប៉ះពាល់ដល់ចង្វាក់ផលិតកម្ម ដែលធ្វើឱ្យការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារអន្តរជាតិត្រូវមានភាពយឺតយ៉ាវ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Karex គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ផ្ដោតលើការផលិតស្រោមអនាម័យ ទឹករំអិលផ្ទាល់ខ្លួន ស្រោមដៃ បំពង់បូមវេជ្ជសាស្ត្រ និងស្រោមការពារឧបករណ៍ពិនិត្យវេជ្ជសាស្ត្រ។ ក្រុមហ៊ុននេះផលិតស្រោមអនាម័យជ័រឡាតិច (Latex) សម្រាប់បុរស រួមមានម៉ាក ONE, Trustex, Carex និង Pasante ហើយវាមានសមត្ថភាពផលិតស្រោមអនាម័យបានជាង ៥ ពាន់លានគ្រាប់ក្នុងមួយឆ្នាំៗ និងបាននាំចេញទៅកាន់ប្រទេសជាង ១៣០ ផងដែរ។


Khcct banner

អត្ថបទទាក់ទង