ភ្នំពេញ៖ មូលនិធិសកល(Global Fund) បញ្ជាក់ជំហរបន្តគាំទ្រវិស័យសុខាភិបាល ក្នុងការលុបបំបាត់ជំងឺឆ្លង ដូចជា ជំងឺគ្រុនចាញ់ ជំងឺរបេង និងជំងឺអេដស៍ ខណៈកន្លងមកក្រុមការងារនៃមូលនិធិនេះ តែងតែចូលរួមធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំ និងរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។ ការបញ្ជាក់នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។
នាឱកាសនេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណដល់មូលនិធិសកល ដែលតែងតែផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការចូលរួមគាំទ្រ គោលនយោបាយរបស់ក្រសួងសុខាភិបាល សម្រាប់កម្មវិធីអេដស៍ របេង និងគ្រុនចាញ់ ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំ និងរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។ តាមរយៈជំនួយហិរញ្ញប្បទាននេះ មជ្ឈមណ្ឌលជាតិទាំង៣ (អេដស៍ របេង និងគ្រុនចាញ់) បាននិងកំពុងអនុវត្តសកម្មភាព ដើម្បីសម្រេចនូវផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ ដែលមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល ឈានឆ្ពោះទៅរកការបញ្ចប់ជំងឺទាំង៣ ដែលជាគោលដៅគំរាមកំហែងសុខភាពសាធារណៈនៅកម្ពុជា។
លោកស្រី Sylwia Murray ប្រធានបេសកកម្ម និងក្រុមការងារមូលនិធិសកល (Global Fund Country Team) បានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការពង្រឹងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ដោយ ផែនការយុទ្ធសាស្រ្តសុខាភិបាល ២០២៥-២០៣៤ (HSP4) ព្រមទាំងសហការបន្ថែមទៀត តាមរយៈការបន្តគាំទ្រ ការៀបចំកិច្ចសន្ទនាកម្រិតប្រទេស សម្រាប់រៀបចំស្នើគម្រោងជំនួយរបស់មូលនិធិសកលជុំទី៨ ឆ្នាំ២០២៧-២០២៩។
ក្នុងនាមក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ជំហររបស់ក្រសួងសុខាភិបាល ក្នុងការបន្តជំរុញកិច្ចខិតខំទ្វេរដងបន្ថែមទៀត ជាមួយនឹងធនធានក្នុងស្រុកដែលមានកម្រិត ស្របពេលដែលជំនួយពីខាងក្រៅកំពុងត្រូវបានកាត់បន្ថយ ព្យាយាមគ្រប់លទ្ធភាពក្នុងការធានានិរន្តរភាព នៃកម្មវិធីជាតិទាំង៣ សម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល និងធានាថាមិនមានប្រជាពលរដ្ឋណាម្នាក់ត្រូវបានទុកចោល៕