Img 1426
Swift cc time

រដូវវស្សាឆ្នាំនេះ អាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែឧសភា លឿនជាងឆ្នាំ២០២៥

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ មេសា បានសេចក្ដីជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវវស្សា ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៦។ តាមការព្យាករក្រសួង រដូវវស្សាអាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២៦ ដែលលឿនជាងឆ្នាំ ២០២៥។

យោងទៅលើការព្យាករ ស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហាសមុទ្រឥណ្ឌា និងតំបន់អេក្វាទ័រ បង្ហាញឱ្យឃើញថា៖ ១-បាតុភូត អែនសូ អព្យាក្រឹត (ENSO-Neutral) នៅបន្តកើតឡើងក្នុងកម្រិត ៨០% រហូតដល់ខែមិថុនា និងថយមកនៅត្រឹម ៤០% នៅក្នុងខែកក្កដា ឆ្នាំ២០២៦។ ដោយឡែក ចាប់ពីខែសីហា រហូតដល់ខែធ្នូ បាតុភូត អែលនីញ៉ូ (El Niño) នឹងកើនដល់កម្រិត ៩០%។ ២-បាតុភូត អាយ អូ ឌី (IOD) ដែលស្ថិតនៅមហាសមុទ្រឥណ្ឌា ស្ថិតនៅអព្យាក្រឹត (IOD-Neutral) រហូត ដល់ខែតុលា ឆ្នាំ២០២៦។

ស្ថានភាពបែបនេះនឹងធ្វើឱ្យរដូវវស្សា ឆ្នាំ២០២៦៖ រដូវវស្សា៖ អាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២៦ ដែលលឿនជាងឆ្នាំ ២០២៥។ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងមធ្យមអតិបរមា ៣៦°C ដែលទាបជាងសីតុណ្ហភាពមធ្យម ភាគច្រើនឆ្នាំ និងមានលក្ខណៈដូចឆ្នាំ២០២៥។

ចំណែកដើមរដូវវស្សា៖ សីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀង៖ នៅខែឧសភា ដល់ខែមិថុនា មានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និង បរិមាណទឹកភ្លៀងមានពីមធ្យមទៅច្រើន។ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន។

ទន្ទឹមនឹងនេះ នៅពាក់កណ្តាលរដូវវស្សា៖ សីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។បរិមាណទឹកភ្លៀង៖ នៅខែកក្កដា ដល់ខែសីហា មានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និង បរិមាណទឹកភ្លៀងមានពីមធ្យមទៅច្រើន។ ជាមួយគ្នានេះដែរ កូនរដូវប្រាំងអាចនឹងកើតមាននៅក្នុងសប្តាហ៍ទី២ និងចប់ទៅវិញនៅពាក់កណ្តាលសប្តាហ៍ទី៣ នៃខែសីហា ដដែល។

សម្រាប់ ចុងរដូវវស្សា៖ សីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។៣.២. បរិមាណទឹកភ្លៀង៖ នៅខែកញ្ញា ដល់ខែតុលា មានកម្ពស់ខ្ពស់ជាង ឫប្រហាក់ប្រហែលនឹងមធ្យម ភាគច្រើនឆ្នាំ និងបរិមាណទឹកភ្លៀងមានពីច្រើនទៅមធ្យម៕

Khcct banner

អត្ថបទទាក់ទង