681 ezgif.com resize
Swift cc time

លោក ស៊ីហាសាក់៖ ថៃនឹងចេញមុខជួយមីយ៉ាន់ម៉ាចូលក្នុងគ្រួសារអាស៊ានឡើងវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/
លោក ស៊ីហាសាក់(ឆ្វេង) ក្នុងជំនួបជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា លោកមីន អ៊ុងឡាំង កាលពីល្ងាចថ្ងៃ២២ មេសា នៅប្រទេសមីយ៉ាន់ម៉ា។រូបភាព៖ Thai PBS។

ថៃ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ក្នុងជំនួបជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីនអ៊ុងឡាំង កាលពីល្ងាចថ្ងៃពុធម្សិលមិញបានបង្ហាញបំណងច្បាស់ៗថា ថៃចង់ជួយមីយ៉ាន់ម៉ាឱ្យត្រឡប់មកមានទំនាក់ទំនងល្អជាមួយប្រទេសជាសមាជិកគ្រួសារអាស៊ានឡើងវិញ។លោកគូសបញ្ជាក់ថា ដើម្បីសម្រេចបាន ប្រទេសថៃប្តេជ្ញានាំមុខជួយមីយ៉ាន់ម៉ាវិលត្រឡប់មកចូលរួមក្នុងអាស៊ានវិញ ដោយជំរុញឱ្យអនុវត្ត «កិច្ចព្រមព្រៀងកុងសង់ស៊ីស ៥ ចំណុច» និងស្វាគមន៍ចំពោះការដោះលែងអ្នកទោសនយោបាយ ដែលជាសញ្ញាវិជ្ជមានដល់ការផ្សះផ្សាជាតិមីយ៉ាន់ម៉ា។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានThai PBS។

ថ្លែងក្នុងអំឡុងពេលទស្សនកិច្ច លោកសីហាសាក់បានគូសបញ្ជាក់ពីគោលបំណងសំខាន់ៗចំនួន ៣ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងសន្តិភាព កិច្ចសហប្រតិបត្តិការព្រំដែន និងការបន្តទំនាក់ទំនងឡើងវិញក្នុងតំបន់។

លោក ស៊ីហាសាក់ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោក គោលបំណងទីមួយគឺដើម្បីអបអរសាទររដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ា ដោយកត់សម្គាល់ថាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី មីន អ៊ុងឡាំង គឺជា «ការផ្លាស់ប្តូរដ៏សំខាន់មួយ» ដែលគួរតែជំរុញប្រទេសនេះឱ្យឆ្ពោះទៅរកដំណើរការសន្តិភាព ការផ្សះផ្សាជាតិ និងការសន្ទនាក្នុងចំណោមក្រុមចម្រុះនានា។ លោកបានបន្តថា «ក្នុងនាមជាប្រទេសជិតខាង ថៃប្រាថ្នាចង់ឃើញសន្តិភាពយូរអង្វែងនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។

គោលបំណងទីពីរ និងទីបី គឺដើម្បីបើកទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី ដោយទីក្រុងបាងកកស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើសន្តិសុខព្រំដែន និងការបង្ក្រាបបទល្មើសឆ្លងដែន ការពិចារណាបើកពាណិជ្ជកម្មតាមព្រំដែនថៃ-មីយ៉ាន់ម៉ាឡើងវិញ និងដោះស្រាយបញ្ហាបរិស្ថានឆ្លងដែនរួមដែលប៉ះពាល់ដល់គុណភាពខ្យល់ និងទឹក។

ជាសំខាន់ចុងក្រោយ ពាក់ព័ន្ធនឹងការទម្លាក់គ្រាប់បែករបស់យោធាមីយ៉ាន់ម៉ាចូលដីថៃកាលពីពេលថ្មីៗនេះ លោកអំពាវនាវឱ្យមីយ៉ាន់ម៉ាមានការអត់ធ្មត់ កាត់បន្ថយការប្រើប្រាស់អាវុធនៅតាមព្រំដែន និងជំរុញឱ្យមានការឈប់បាញ់ទាំងស្រុង ដោយដោះស្រាយតាមរយៈបណ្តាញយោធាជាន់ខ្ពស់។ការលើកឡើងនេះគឺក្រោយពេលដែលលោកអនុទីនទើបតែបានចេញសារព្រមានកុំឱ្យយោធាមីយ៉ាន់ម៉ាប៉ះពាល់ដីថៃបន្ថែមទៀត។ 

Khcct banner

អត្ថបទទាក់ទង