ភ្នំពេញ៖ ដើម្បីលើកកម្ពស់សិល្បៈវប្បធម៌ខ្មែរ ក្រុមឥសីវ៉ូលេ កំពុងរៀបចំកម្មវិធី«សាកសម្ដែង»ជំនាន់ទី៥ ដោយបើកទទួលពាក្យជ្រើសរើសយុវជន ដែលចាប់អារម្មណ៍ចង់ស្វែងយល់ពីមូលដ្ឋានគ្រឹះក្នុងការសម្ដែងទម្រង់សិល្បៈល្ខោននិយាយដែលឆ្លុះបញ្ចាំងពីសង្គម។ ការចុះឈ្មោះនឹងបន្តដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយឥតគិតថ្លៃ។
យោងតាមសេចក្តីជូនដំណឹងនៃ ក្រុមឥសីវ៉ូលេ ឆ្នាំនេះជាឆ្នាំទី៥ហើយ ដែលក្រុមឥសីវ៉ូលេ រៀបចំកម្មវិធីបណ្តុះបណ្តាលយុវជនដើម្បីអាចមានសមត្ថភាពក្នុងការសម្តែងល្ខោននិយាយ។ ការបណ្តុះបណ្តាលសម្តែងល្ខោននិយាយនេះ មានឈ្មោះថា«កម្មវិធីសាកសម្តែង» ដែលសិស្សនិស្សិត ឬ សាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ក្នុងការលើកកម្ពស់ល្ខោននិយាយ អាចដាក់ពាក្យបានដោយឥតគិតថ្លៃ។
បើតាមលោក ឈ្មោះ ណេន ភារិទ្ធ អតីតប្រធានក្រុមឥសីវ៉ូលេ/EsaiVoler បានឱ្យដឹងថា ដើម្បីអាចដាក់ពាក្យចូលរួមបាន បេក្ខជនត្រូវមានលក្ខខណ្ឌមួយចំនួនដូចជាមានអាយុចន្លោះ១៥ឆ្នាំទៅ៣៥ឆ្នាំ សម្រាប់អ្នកចាប់អារម្មណ៍លើការសម្តែង ចំណែកឯអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការរៀបចំជាអត្ថបទសាច់រឿង គឺត្រូវមានអាយុចន្លោះ២០ឆ្នាំទៅ៤៥ឆ្នាំ។
កម្មវិធី«សាកសម្ដែង»ជំនាន់ទី៥ ចាប់ផ្តើមទទួលពាក្ស រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ដើម្បីអាចចុះឈ្មោះចូលរៀន បេក្ខជនអាចទាក់ទងទៅកាន់ Telegram : https://t.me/rith_069 ដែលនឹងតម្រូវឱ្យបំពេញប្រវត្តិរូបសង្ខេប ( មានគំរូ ) ថតរូបចំនួន៣សន្លឹក ឆ្លើយសំនួរចំនួន៥ (ជាវីដេអូ) ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនទាក់ទងអំពី«តួនាទីយុវជន និងវប្បធម៌» (ជាវីដេអូ)។ ជាពិសេស ដើម្បីអាចជ្រើសរើសទៅវគ្គបន្តទៀត បេក្ខជនត្រូវគោរពតាមបទបញ្ញាផ្ទៃក្នុងនៃវគ្គបណ្ដុះបណ្ដាលខ្លីនេះនៅពេលដែលកំពុងហាត់រៀន។
គួរបញ្ជាក់ថា កម្មវិធី«សាកសម្ដែង» ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីធំៗទាំង៤របស់ក្រុមឥសីវ៉ូលេ/EsaiVoler ដោយមានគោលបំណងក្នុងការ ថែរក្សា ការពារ និងលើកស្ទួយនូវទម្រង់សិល្បៈល្ខោននិយាយខ្មែរ និងសិល្បៈទស្សនីយភាពជាច្រើនទៀត ស្របតាមផែនការណ៍ និងចក្ខុវិស័យរបស់ក្រុម ដែលបានរៀបចំកន្លងមក។ ឥសីវ៉ូលេ/EsaiVoler ចូលរួមលើកកម្ពស់សិល្បៈវប្បធម៌ខ្មែរ តាមរយៈការសម្ដែងល្ខោននិយាយ ការរៀបចំកម្មវិធីផ្សេងៗទៀត ដែលឆ្លុះបញ្ចាំងពីសង្គម ដោយទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជន ក្រសួង ស្ថាប័ន និងក្រុមសិល្បៈនានា៕