ថៃ៖ អាជ្ញាធរសុខាភិបាលប្រទេសថៃបានប្រកាសថាខ្លួនបានរកឃើញជំងឺ«មេល្យូអីដូស» (Melioidosis) បង្កឡើងដោយបាក់តេរីក្នុងដី និងទឹក ដោយមានអ្នកឆ្លងចំនួន ៧៣២ ករណី និងអ្នកស្លាប់ ២៣ នាក់ ក្នុងចន្លោះថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៦។ ក្រសួងសុខាភិបាលសាធារណៈថៃ បានបញ្ជាក់ទៀតថាករណីភាគច្រើនត្រូវបានរកឃើញនៅភាគឦសាននៃប្រទេសថៃ ជាពិសេសក្នុងចំណោមកសិករ និងអ្នកដែលមានវ័យលើសពី ៥០ ឆ្នាំ ឬអ្នកមានជំងឺប្រចាំកាយដូចជាទឹកនោមផ្អែមជាដើម។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ជំងឺនេះបង្កឡើងដោយបាក់តេរីក្នុងដី និងទឹក អាចឆ្លងចូលរាងកាយតាមរយៈមុខរបួស ការដកដង្ហើមចូលធូលីដីដែលមានមេរោគ ឬការទទួលទានទឹកមិនស្អាត ដោយចេញរោគសញ្ញាចាប់ពីគ្រុនក្ដៅ ឈឺក្បាល រហូតដល់រលាកសួត និងឆ្លងចូលក្នុងចរន្តឈាមដែលបង្កគ្រោះថ្នាក់ដល់ជីវិត។ ករណីភាគច្រើនត្រូវបានរកឃើញនៅភាគឦសាននៃប្រទេសថៃ ជាពិសេសក្នុងចំណោមកសិករ និងអ្នកដែលមានវ័យលើសពី ៥០ ឆ្នាំ ឬអ្នកមានជំងឺប្រចាំកាយដូចជាទឹកនោមផ្អែមជាដើម។អាជ្ញាធរថៃបានអំពាវនាវឱ្យប្រជាពលរដ្ឋពាក់ស្បែកជើងកវែង និងស្រោមដៃនៅពេលធ្វើការងារប៉ះពាល់ដី ឬទឹក និងត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ប្រសិនបើមានរោគសញ្ញាសង្ស័យ។
គួររំលឹកថាជំងឺមេល្យូអីដូស (Melioidosis) ជាជំងឺឆ្លងដ៏កាចសាហាវមួយដែលបានរីករាលដាលនៅភាគខាងជើងប្រទេសអូស្រ្តាលី និងពិសេសក្នុងតំបន់អាស៊ីអាគ្នេយន៍រួមមានប្រទេសថៃ ឡាវ វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រទេសកម្ពុជាយើងផងដែរ។ តាមការសិក្សាមួយបានបង្ហាញថា នៅទូទាំងពិភពលោក ជំងឺមេល្យូអីដូស មានចំនួន ១៦៥ ០០០ ករណី ដែលបណ្តាលអោយអ្នកជំងឺស្លាប់ ៨៩០០០ នាក់ជារៀងរាល់ឆ្នាំ។ អត្រាស្លាប់នៃជំងឺនេះមាន រហូតដល់ ៥៤% ដែលនេះជាអត្រាខ្ពស់ជាងគេបំផុត បើប្រៀបធៀបនឹងអត្រាស្លាប់នៃជំងឺរបេង (១៥%) ជំងឺគ្រុនចាញ់ (០.៣%) ជំងឺផ្តាសាយ H1N1(N/A) ជំងឺ Leptospirosis (៦%) និងជំងឺគ្រុនឈាមកំរិតធ្ងន់ (២.៥%)។
មេរោគដែលបង្កជំងឺមេល្យូអីដូស មានឈ្មោះថា Burkholderia pseudomallei (Bp) ដែលជាបាក់តេរីក្រាមអវិជ្ជមានដែលរស់នៅក្នុងទឹក និងក្នុងដី។ បាក់តេរីនេះឆ្លងមកមនុស្សតាមរយ: ការឆ្លងចូលតាមស្បែកដែលមានរបួស ការលេបចូល និងការស្រូបចូល ហើយភាគច្រើនកើតនៅរដូវភ្លៀង។ អ្នកដែលប្រឈមនឹងការឆ្លងជំងឺនេះរួមមានអ្នកជំងឺទឹកនោមផ្អែម អ្នកញៀនស្រា អ្នកដែលមានជំងឺតំរងនោមរ៉ាំរ៉ៃ អ្នកជំងឺថ្លើមរ៉ាំរ៉ៃជាដើម។ អ្នកធ្វើការក្នុងបរិយាកាសដែលមានធូលីហុយដូចជាអ្នកធ្វើការផ្នែកសំណង់ ឬកសិករដែលធ្វើការនៅក្នុងស្រែដែលមានដីភក់ មានទឹកដែលផ្ទុកមេរោគ Bp ក៏មានការប្រឈមទៅនឹងការឆ្លងជំងឺនេះផងដែរ៕