Img 1426
Swift cc time

កិច្ចប្រជុំ“២+២” កម្ពុជា-ចិន សម្រេចបានឯកភាពយ៉ាងទូលំទូលាយលើសន្តិសុខនយោបាយ និងកិច្ចសហប្រតិបត្តិការការពារជាតិ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កិច្ចប្រជុំលើកដំបូងនៃយន្តការសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងការពារជាតិ កម្ពុជា-ចិន ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើទំនាក់ទំនងទ្វេភាគី សន្តិសុខនយោបាយ កិច្ចសហប្រតិបត្តិការការពារជាតិ ព្រមទាំងស្ថានភាពអន្តរជាតិ និងតំបន់ ហើយសម្រេចបាននូវឯកភាពយ៉ាងទូលំទូលាយ។

កិច្ចប្រជុំនេះ រួមមានសហប្រធានដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសកម្ពុជា និង លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ រួមជាមួយ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន។

យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ ភាគីទាំងពីរបានឯកភាពថា ក្នុងបរិបទស្ថានភាពអន្តរជាតិដែលកំពុងមានភាពស្មុគស្មាញ និងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ភាគីទាំងពីរត្រូវរក្សាការយល់ដឹងជាយុទ្ធសាស្ត្រ និងការត្រៀមខ្លួនជាយុទ្ធសាស្ត្រ ដើម្បីការពារសន្តិសុខនយោបាយ និងស្ថិរភាពរបបយ៉ាងរឹងមាំ គាំទ្រផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក និងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនានា ដោយបន្ថែមអត្ថន័យថ្មីៗទៅក្នុងសហគមន៍អនាគតរួមគ្នា កម្ពុជា-ចិន។

ភាគីទាំងពីរ បានសង្កត់ធ្ងន់លើការសម្របសម្រួលរវាងការអភិវឌ្ឍដែលមានគុណភាពខ្ពស់ និងសន្តិសុខកម្រិតខ្ពស់ ព្រមទាំងប្រឆាំងនឹងកម្លាំងណាមួយដែលព្យាយាមបំផ្លាញមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់ និងការពារជាតិ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសល្បែងស៊ីសងតាមអ៊ីនធឺណិត និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online)៕

Khcct banner

អត្ថបទទាក់ទង