ភ្នំពេញ៖ កិច្ចប្រជុំ«២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន ដែលប្រារព្ធធ្វើនៅភ្នំពេញ នាថ្ងៃទី២២មេសា ភាគីមិត្តចិន បានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងឃឿនការពារជាតិ ដែនទឹក ដែនគោក និងដែនអាកាស។ នេះបើតាមការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រមុខការពារជាតិកម្ពុជា បន្ទាប់ពីចប់កិច្ចប្រជុំនេះ។
បើតាមប្រមុខការពារជាតិកម្ពុជា បានលើកឡើងពីការជឿជាក់យ៉ាងមុតមាំថាវត្តមានរបស់លោក វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និង នាយឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នឹងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងបាននិងកំពុងខិតខំកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានបញ្ជាក់ថា កម្ពុជាប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនមួយ។
គួរជម្រាបថា កិច្ចសន្ទនា «យុទ្ធសាស្ត្រ ២+២ »នេះ សមភាគីកម្ពុជា និងចិន មានការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និង សន្តិសុខរវាងកម្ពុជា-ចិន ដោយក្នុងនោះវិស័យ សន្តិសុខ អាចផ្ដោតទៅលើការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បញ្ហាគ្រឿងញៀន និង ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៉ីធឺណិតជាដើម។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើនតាមគោលការណ៍ឯកភាពគ្នារបស់មេដឹកនាំនៃប្រទេសទាំងពីរ៕