Img 1426
Swift cc time

កម្ពុជាស្នើឱ្យធនាគារពិភពលោក«ពន្លឿនការរៀបចំកញ្ចប់អន្តរាគមន៍ពិសេស»សម្រាប់កម្ពុជា ឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើដល់ធនាគារពិភពលោកប្រចាំនៅកម្ពុជា ពន្លឿនការរៀបចំកញ្ចប់អន្តរាគមន៍ពិសេស»សម្រាប់កម្ពុជា ឆ្លើយតបបន្ទាន់ទៅសម្ពាធពីផលប៉ះពាល់ដោយសារសង្រា្គមនៅមជ្ឈិមបូព៌ាបន្ថែមលើវិបត្តិដែលកម្ពុជាជួបប្រទះកន្លងមក។ សំណើនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ជាមួយលោកស្រី ថាញ៉ា ម៉ៃយ័រ ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា នាថ្ងឃៃទី២១ ខែមេសា ឆ្នាំ២០២៦។

នាឱកាសនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងធនាគារពិភពលោក ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា នៅគ្រប់ដំណាក់កាល និងបានថ្លែងអំពីតួនាទីដ៏សំខាន់របស់ធនាគារពិភពលោក ដែលមិនត្រឹមតែជាដៃគូអភិវឌ្ឍន៍ជាប្រពៃណីដ៏រឹងមាំរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាធនាគារចំណេះដឹង (Knowledge Bank) ដែលប្រមូលផ្តុំទៅដោយចំណេះដឹង ជំនាញ និងបទពិសោធន៍យ៉ាងសម្បូរបែបលើគ្រប់វិស័យទៀតផង។

លោកបន្តថា ពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងវិបត្តិកន្លងមក កម្ពុជាបានគិតគូរ និងដាក់ចេញនូវវិធានការដោះស្រាយជាបន្តបន្ទាប់ភ្លាមៗ ចាប់តាំងពីការរីលរាតត្បាតនៃជំងឺកូវីដ ១៩ កន្លងមក, បញ្ហានៅតាមព្រំដែនកម្ពុជា-ថៃ និងបន្តរហូតដល់សង្រ្គាមនៅមជ្ឈិមបូព៌ានាពេលនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន មកលើជីវភាពប្រជាជន, សកម្មភាពអាជីវកម្ម និងធានាស្ថេរភាពសង្គម-សេដ្ឋកិច្ចកម្ពុជា ។

ដោយឡែក ចំពោះសង្រ្គាមនៅមជ្ឈិមបូព៌ានាពេលនេះ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ចំពោះនិរន្តរភាពនៃការផ្គត់ផ្គង់ថាមពល, រាជរដ្ឋាភិបាលបានចាត់វិធានការបន្ទាន់ រួមមាន ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ប្រេងម៉ាសូត និងឧស្ម័ន LPG ដែលបានធ្វើឱ្យ រាជរដ្ឋាភិបាលបាត់បង់ចំណូល ខណៈពេលដែលរាជរដ្ឋាភិបាល មានតម្រូវការប្រើប្រាស់ថវិកាបន្ថែម សម្រាប់គាំទ្រដល់ការងារគាំពារសង្គម។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចរូបនេះបានគូសបញ្ជាក់ថា លទ្ធផលនៃការសិក្សា របស់ក្រុមអ្នកជំនាញនៃធនាគារពិភពលោកនាពេលនេះ គឺជាធាតុចូលដ៏មានសារៈសំខាន់ដែលគ្របដណ្តប់ទាំងទិដ្ឋភាពគោលនយោបាយ និងទិដ្ឋភាពហិរញ្ញប្បទាន សម្រាប់រាជរដ្ឋាភិបាលពិនិត្យ និងរៀបចំកញ្ចប់អន្តរាគមន៍ ពិសេសជាក់ស្តែងក្នុងការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិ ឱ្យកាន់តែចំគោលដៅ និងកាន់តែគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពប្រាកដនិយម សហថាមភាព និងប្រសិទ្ធភាពខ្ពស់ ដែលនឹងអាចធានារក្សាបាននូវកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងភាពធន់ សម្រាប់រយៈពេលមធ្យម និងវែង ។

ជាមួយគ្នានេះ លោកស្រីប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត របស់ធនាគារពិភពលោក ដោយសហការជាមួយដៃគូអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំកញ្ចប់អន្តរាគមន៍ ឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។

ជាចុងក្រោយ លោក អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងធនាគារពិភពលោក និងស្នើលោកស្រី ថាញ៉ា ម៉ៃយ័រ បន្តសហការ និងពិភាក្សាការងារជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍នានា រួមទាំងភាគីពាក់ព័ន្ធ ដើម្បីពន្លឿនការរៀបចំកញ្ចប់អន្តរាគមន៍ពិសេសនេះ ឱ្យលេចចេញជារូបរាងឡើង ដើម្បីអាចអនុវត្តបានក្នុងពេលឆាប់ៗខាងមុខនេះ៕


Khcct banner

អត្ថបទទាក់ទង