ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី ២២ មេសានេះ បានចេញលិខិតតវ៉ាផ្លូវការទៅសារព័ត៌មានអាម៉េរិក The Wall Street Journal ដោយទាមទារឲ្យលុបពាក្យ “Scambodia” ចេញពីអត្ថបទរបស់ខ្លួនជាបន្ទាន់ និង កែសម្រួលចំណងជើងឡើងវិញ ដើម្បីឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ មានតុល្យភាព និង មិនធ្វើឱ្យមានការរើសអើងនៅក្នុងបញ្ហានេះ។បន្ថែមពីនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទាមទារឱ្យThe Wall Street Journal ត្រូវ ធ្វើការសុំទោសជាផ្លូវការ ចំពោះការប្រើប្រាស់ចំណងជើង និងជៀសវាងការប្រើប្រាស់ពាក្យពេចន៍ប្រមាថនៅក្នុងការផ្សាយ កង្វះវិជ្ជាជីវៈ និង ក្រមសីលធម៌សារព័ត៌មាន។
យោងតាមសេចក្តីប្រកាស គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ទុក ការហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia” នៅក្នុងអត្ថបទមួយរបស់សារព័ត៌មាន The Wall Street Journal កាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ជាការបង្ហាញពីកង្វះវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន នាំឱ្យមានការយល់ច្រឡំ ការរើសអើង ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ សេចក្តីថ្លៃថ្នូរ និងកិត្តិយសប្រទេស និងប្រជាជនកម្ពុជា ជិត ១៨លាននាក់ ដែលត្រូវបានធានាការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និង ច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
បើតាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពន្យល់ថា សេរីភាពនៃការបញ្ចេញមតិ និង សេរីភាពសារព័ត៌មាន ពិតជាមានតួនាទីសំខាន់ណាស់នៅក្នុងសង្គម ប៉ុន្តែសេរីភាពទាំងនេះ ត្រូវតែអនុវត្តដោយការទទួលខុសត្រូវ និង ការគោរពសេចក្តីថ្លៃថ្នូររបស់បុគ្គល ដូចមានចែងក្នុងសេចក្ដីប្រកាជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ជាដើម។
ដោយមើលឃើញពីការរំលោភ និង ប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកិត្តិយស និងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រទេស និងប្រជាជនកម្ពុជា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទាមទារឱ្យ The Wall Street Journal លុបពាក្យ “Scambodia” ចេញពីអត្ថបទរបស់ខ្លួនជាបន្ទាន់ ចេញការកែតម្រូវ ឬការបំភ្លឺ ជៀសវាងការប្រើប្រាស់ពាក្យពេចន៍ប្រមាថនៅក្នុងការផ្សាយនាពេលអនាគត ធ្វើការសុំទោសជាផ្លូវការចំពោះការប្រើប្រាស់ចំណងជើង និង កែសម្រួលចំណងជើងឡើងវិញ ដើម្បីឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ មានតុល្យភាព និងមិនធ្វើឱ្យមានការរើសអើងនៅក្នុងបញ្ហានេះ៕