ភ្នំពេញ៖ ដើម្បីលើកស្ទួយវិស័យកីឡានៅកម្ពុជា និងរឹតចំណងមិត្តភាពរវាងវិស័យព័ត៌មាន ជាមួយវិស័យធនាគារនៅកម្ពុជា សមាគមធនាគារនៅកម្ពុជា (ABC) បានសហការជាមួយបណ្តាស្ថាប័នព័ត៌មាននានានៅកម្ពុជា រៀបចំការប្រកួតបាល់ទាត់មិត្តភាព ដែលនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី២៦ ខែមេសាខាងមុខ នាតារាងបាល់ទាត់ NBC Sports ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រុមបាល់ទាត់សារព័ត៌មានដឹកនាំដោយលោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News និងមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនទៀត រួមមាន៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ទីភ្នាក់ងារព័ត៌មានជាតិ (AKP), សារព័ត៌មាន CCTimes, សារព័ត៌មាន AMS, ទូរទស្សន៍ CNC, សារព័ត៌មាន KiriPost, សារព័ត៌មានភ្នំពេញប៉ុស្តិ៍, សារព័ត៌មាន KhmerTime, សារព័ត៌មានកម្ពុជាថ្មី, សារព័ត៌មាន Camboja, សារព័ត៌មានថ្មីៗ និងសារព័ត៌មានឧកញ៉ា News ដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ។
ដោយឡែក សម្រាប់ក្រុមបាល់ទាត់របស់សមាគមធនាគារនៅកម្ពុជា ដឹកនាំដោយលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា និងជាអគ្គនាយកនាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសនៃធនាគារ មេយប៊ែង ខេមបូឌា ព្រមជាមួយសមាជិករបស់សមាគម ដែលជានាយកប្រតិបត្តិរបស់ធនាគារនានានៅកម្ពុជា។ ជាមួយគ្នានេះ ក្រុមបាល់ទាត់សារព័ត៌មានកម្ពុជា ក៏សូមអរគុណដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលបានចូលរួមឧបត្ថម្ភ ក្នុងការទ្រទ្រង់សកម្មភាពនៃការប្រកួតនានា៕