បាងកក៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នេះ លោក អនុទីន ចាន់វីរៈគុល (Anutin Charnvirakul) នាយករដ្ឋមន្រ្តីថៃ បានចេញសារព្រមានមីយ៉ាន់ម៉ា ដោយលើកឡើងពីកង្វល់យ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនថៃ-មីយ៉ាន់ម៉ា បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាដែលបណ្ដាលឱ្យគ្រាប់បែកធ្លាក់ចូលមកក្នុងទឹកដីថៃ។នេះបើតាមការចេញផ្សាយរបស់កាសែតខាវស៊ត។
លោកអនុទីន បានបញ្ជាក់ក្នុងអង្គប្រជុំនៅក្រសួងមហាផ្ទៃថា រដ្ឋាភិបាលថៃបានចាត់វិធានការគ្រប់មធ្យោបាយ ទាំងតាមរយៈផ្លូវការទូត និងការបង្កើនសន្តិសុខ ដើម្បីការពារសុវត្ថិភាពប្រជាជននៅតាមតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា។
លោកបានសង្កត់ធ្ងន់ថា ទោះបីជាភាគីមីយ៉ាន់ម៉ាអះអាងថាគ្មានចេតនារំលោភបំពានទឹកដីថៃក៏ដោយ ប៉ុន្តែលោកបានព្រមានថា «ការប្រយុទ្ធគ្នាជារឿងផ្ទៃក្នុងរបស់ពួកគេ ប៉ុន្តែដាច់ខាតកុំឱ្យប៉ះពាល់ ឬបង្កការក្ដៅក្រហាយដល់ប្រទេសថៃ»។
លោក អនុទីន បានបង្ហើបឱ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខនៅភាគខាងត្បូងថៃ រដ្ឋាភិបាលបានត្រៀមរៀបចំសមាសភាព «ប្រធានក្រុមចរចាសន្តិភាពម្នាក់» រួចរាល់ហើយ ដើម្បីដោះស្រាយបញ្ហានៅតំបន់ព្រំដែនភាគខាងត្បូង ប៉ុន្តែលោកសុំមិនទាន់បញ្ជាក់អត្តសញ្ញាណនៅឡើយទេ ដោយរង់ចាំឱ្យកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បញ្ចប់ជាផ្លូវការសិន។