681 ezgif.com resize
Swift cc time

ម៉ាឡេស៊ីផ្តល់ប្រាក់ឧបត្ថម្ភជិត ៥០០ ដុល្លារ ក្នុង១គ្រួសារដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះបណ្ដែតទឹក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ម៉ាឡេស៊ី៖ រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២.០០០ រីងហ្គីត (ប្រហែល ៤២០-៥០០ ដុល្លារ) ដល់គ្រួសារនីមួយៗដែលរងគ្រោះក្នុងហេតុការណ៍ភ្លើងឆេះផ្ទះបណ្ដែតប្រមាណ ១,០០០ ខ្នង និងបង្កឱ្យប្រជាពលរដ្ឋជាង ៩,០០០ នាក់ ត្រូវជម្លៀសខ្លួនចេញពីទីលំនៅកាលពីថ្ងៃទី ១៩ ខែ មេសា កន្លងទៅ។

បើតាមលោក Datuk Seri Hajiji Noor អភិបាលរដ្ឋសាបា (Sabah) បានចុះពិនិត្យស្ថានភាពដោយផ្ទាល់នៅក្នុងភូមិ Kampung Bahagia តំបន់ Batu Sapi បន្ទាប់ពីគ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅមួយបានកើតឡើងកាលពីទៀបភ្លឺថ្ងៃអាទិត្យ ឆាបឆេះសហគមន៍នៅតាមតំបន់ឆ្នេរនៃកោះ Borneo ប្រទេសម៉ាឡេស៊ី បានបំផ្លាញផ្ទះសម្បែងប្រមាណ ១,០០០ ខ្នង និងបង្កឱ្យប្រជាពលរដ្ឋជាង ៩,០០០ នាក់ ត្រូវជម្លៀសខ្លួនចេញពីទីលំនៅ។ ជាការឆ្លើយតបបន្ទាន់ រដ្ឋាភិបាលរដ្ឋបានផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២.០០០ រីងហ្គីត (ប្រហែល ៤២០-៥០០ ដុល្លារ) ដល់មេគ្រួសារនីមួយៗ រួមជាមួយជំនួយមនុស្សធម៌បន្ថែមពីស្ថាប័នជំនួយ Pusat Zakat និង Baitulmal។

ថ្លែងប្រាប់សារព័ត៌មាន The Edge Malaysia ពាក់ព័ន្ធនឹងផែនការស្ដារឡើងវិញ លោកអភិបាលរដ្ឋបានបញ្ជាក់ថា អាជ្ញាធរកំពុងសិក្សាលើសំណើជាច្រើន រួមទាំងលទ្ធភាពនៃការចាក់ដីបំពេញដើម្បីអភិវឌ្ឍជាលំនៅដ្ឋានស្របច្បាប់ឡើងវិញ ដែលអាចនឹងត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់។

លោកបន្ថែមថា រដ្ឋាភិបាលនឹងរង់ចាំរបាយការណ៍លម្អិត និងអនុសាសន៍ពីក្រុមប្រឹក្សាក្រុងសាន់ដាកាន (Sandakan) ក្នុងរយៈពេល ១ ទៅ ២ សប្តាហ៍ទៀត មុននឹងសម្រេចចិត្តលើផែនការសាងសង់ជាផ្លូវការ ដោយបច្ចុប្បន្ននេះ មជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្នចំនួន ៦ កន្លែង ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីផ្តល់ជម្រក និងការគាំទ្រចាំបាច់ដល់ជនរងគ្រោះទាំងអស់៕

Khcct banner

អត្ថបទទាក់ទង