ភ្នំពេញ៖ លោកបណ្ឌិត គិន ភា អ្នកវិភាគនយោបាយកម្ពុជា មើលឃើញថា កិច្ចសន្ទនាយុទ្ធសាស្រ្ត ២+២ រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិ កម្ពុជា-ចិន គឺជាចំណុចរបត់ជាប្រវត្តិសាស្រ្តនៃទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ។ ឆ្លៀតឱកាសនេះដែរ បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ក៏នឹងអាចត្រូវបានលើកឡើង ហើយកម្ពុជានឹងប្រើប្រាស់កាលានុវត្តភាពនេះ ដើម្បីស្នើដល់ភាគីចិន ក្នុងការជំរុញធ្វើយ៉ាងណាឲ្យមានការអនុវត្តប្រកបដោយភាពស្មោះត្រង់ ពេញលេញ និងមានប្រសិទ្ធភាពនូវស្មារតីនៃកិច្ចព្រមព្រៀងឯកច្ឆន្ទហ្វូស៊ាន ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។
លោកបណ្ឌិត យល់ថា ចិនជាតួអង្គដ៏មានសារៈសំខាន់ និងមិនអាចខ្វះបានក្នុងការជំរុញធ្វើឲ្យបទឈប់បាញ់មានប្រសិទ្ធភាព និរន្តរភាព និងការស្តារប្រក្រតីភាពទំនាក់ទំនងរវាងកម្ពុជា-ថៃវិញ។ ប្រទេសចិនជាមហាអំណាចដែលទទួលបានការទុកចិត្តពីកម្ពុជានិងថៃ ដូច្នេះស្នើឲ្យភាគីចិនដើរតួនាទីឲ្យកាន់តែសកម្មថែមទៀត ដើម្បីជាកាតាលីករក្នុងការធ្វើឲ្យមានសន្តិភាពរវាងប្រទេសទាំងពីរនេះ។
ថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ លោកបណ្ឌិត គិន ភា មើលឃើញថា កិច្ចសន្ទនាយុទ្ធសាស្រ្ត ២+២ រវាងកម្ពុជា-ចិន នឹងបង្កើនទំនុកចិត្តខាងនយោបាយនៃប្រទេសកម្ពុជា-ចិន ហើយក៏ជាមូលដ្ឋានដ៏មានសារៈសំខាន់បន្ថែមទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ទាំងវិស័យនយោបាយការទូត សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ តាមរយៈយន្តការនេះ លោកបណ្ឌិតយល់ថាប្រទេសទាំងពីរអាចនឹងពិភាក្សាគ្នាយ៉ាងស៊ីជម្រៅពាក់ព័ន្ធនឹងបញ្ហានានា ដែលមានផលប្រយោជន៍រួម ពាក់ព័ន្ធសន្តិសុខតំបន់ ក៏ដូចជាសណ្តាប់ធ្នាប់ពិភពលោក។
លោកបណ្ឌិត បន្តថា កម្ពុជាអាចប្រើកាលានុវត្តភាពនេះ ដើម្បីធ្វើយ៉ាងណាពង្រឹង និងពង្រីកទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសចិនឲ្យកាន់តែមានលក្ខណៈស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយទ្វេរឡើងថែមទៀត ជាពិសេសការជំរុញ និងការលើកកម្ពស់ទំនុកចិត្តខាងនយោបាយ និងការទូតរវាងប្រទេស និងថ្នាក់ដឹកនាំទាំងពីរ ជារឿងដែលសំខាន់បំផុត ដែលជាកត្តាជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ពាណិជ្ជកម្ម វិនិយោគ ហើយក៏ជាកាតាលីការជំរុញឲ្យមានការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កាន់តែមានភាពស៊ីជម្រៅទ្វេឡើងបន្ថែមទៀត។ ត្បិតក្នុងទំនាក់ទំនងទ្វេភាគីទំនុកចិត្តខាងនយោបាយ ក្នុងកម្រិតខ្ពស់ជះឥទ្ធពលវិជ្ជមានទៅដល់ក្របខ័ណ្ឌលើវិស័យផ្សេងៗទៀត រាប់ទាំងវិស័យផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនផងដែរ។
ឆ្លៀតឱកាសនេះដែរ បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ក៏នឹងអាចត្រូវបានលើកឡើង ហើយកម្ពុជានឹងប្រើប្រាស់កាលានុវត្តភាពនេះ ដើម្បីស្នើដល់ភាគីចិន ក្នុងការជំរុញធ្វើយ៉ាងណាមានការអនុវត្តប្រកបដោយភាពស្មោះត្រង់ ពេញលេញ និងមានប្រសិទ្ធភាពនូវស្មារតីនៃកិច្ចព្រមព្រៀងឯកច្ឆ័នហ្វូស៊ាន ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ព្រោះតាមរយៈកិច្ចព្រមព្រៀងនេះ ជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយក្នុងការពង្រឹងបទឈប់បាញ់ឈានទៅរកការស្តារការស្ថិរភាព សន្តិភាព និងការធ្វើប្រក្រតីភាពទំនាក់ទំនងរវាងកម្ពុជា-ថៃ វិញ។
លោកបណ្ឌិតគិតថា ចិនមានឥទ្ធិពលទាំងការទូត ទាំងសេដ្ឋកិច្ច ទាំងវិស័យសន្តិសុខ ដែលជំរុញឲ្យភាគីទាំងពីរ ជាពិសេសភាគីថៃឲ្យអនុវត្តប្រកបដោយភាពស្មោះត្រង់ សុឆន្ទៈ ប្រសិទ្ធភាព និងពេញលេញទៅលើអ្វីដែលពួកគេបានចុះហត្ថលេខារួចហើយជាមួយប្រទេសកម្ពុជា ហើយក្រោមការសម្របសម្រួលប្រកបដោយជំហរអព្យាក្រឹត្យ និងយុត្តិធម៌របសប្រទេសចិន។ លោកបណ្ឌិត យល់ថា ចិនជាតួអង្គដ៏មានសារៈសំខាន់ និងមិនអាចខ្វះបានក្នុងការជំរុញធ្វើឲ្យបទឈប់បាញ់មានប្រសិទ្ធភាព និរន្តរភាព និងការស្តារប្រក្រតីភាពទំនាក់ទំនងរវាងកម្ពុជា-ថៃវិញ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា និងចិន នឹងរៀបចំកិច្ចសន្ទនា «យុទ្ធសាស្ត្រ២+២»រវាងរដ្ឋមន្ត្រីការបរទេស និង រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន ជាលើកដំបូងដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ហើយកិច្ចសន្ទនានេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២២ មេសាស្អែកនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើនតាមគោលការណ៍ឯកភាពគ្នារបស់មេដឹកនាំនៃប្រទេសទាំងពីរ៕