ថៃ៖ តុលាការព្រហ្មទណ្ឌថៃ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នេះ បានសម្រេចផ្ដន្ទាទោសអតីតចៅអធិការវត្ត Rai Khing ដ៏ល្បីល្បាញ គឺលោក Yaem Inkrungkao ឱ្យជាប់ពន្ធនាគាររយៈពេល ៥០ ឆ្នាំ ពីបទកិបកេងប្រាក់វត្តសរុបជាង ២ ប៊ីលានបាត (ប្រមាណជាង ៦២ លានដុល្លារ) ដើម្បីយកទៅលេងល្បែងអនឡាញ ខណៈស្ត្រីជិតស្និទ្ធម្នាក់ដែលជាបក្សពួក ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៨ ឆ្នាំផងដែរ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ការស៊ើបអង្កេតលើករណីនេះបានអូសបន្លាយពេលជាង ៨ ខែ និងបានលាតត្រដាងថា អតីតចៅអធិការរូបនេះបានលួចផ្ទេរប្រាក់ពីគណនីរបស់វត្ត ចូលទៅក្នុងគណនីផ្ទាល់ខ្លួន និងគណនីរបស់បក្សពួកជាបន្តបន្ទាប់។ ក្នុងនោះ អាជ្ញាធរបានរកឃើញភស្តុតាងនៃលំហូរទឹកប្រាក់រាប់រយលានបាត ដែលត្រូវបានផ្ទេរដោយផ្ទាល់ទៅកាន់ភ្នាក់ងារល្បែងស៊ីសងអនឡាញ។
ព្រឹត្តិការណ៍នេះបានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សាធារណជនក្នុងប្រទេសថៃ ដោយសារលោកគឺជាបុគ្គលសាសនាដែលមានឥទ្ធិពល និងទទួលបានការគោរពយ៉ាងខ្ពង់ខ្ពស់នាពេលកន្លងមក។ រឿងអាស្រូវនេះក៏បានក្លាយជាករណីពុករលួយក្នុងវិស័យសាសនាដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រថៃ ដែលនាំឱ្យមានការជជែកដេញដោលជាថ្មី អំពីតម្លាភាព និងយន្តការនៃការគ្រប់គ្រងហិរញ្ញវត្ថុក្នុងវត្តអារាមនានាទូទាំងប្រទេស៕
គួរបញ្ជាក់ថាព្រះចៅអធិការវត្តរ៉ៃឃីងមានព្រះជន្ម ៦៩ ព្រះវស្សា ប្រសូតនៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ១៩៥៥ នៅភូមិ Ban Klong Rang Sai ឃុំ Bang Phasi ស្រុក Samphran ខេត្ត Nakhon Pathom។ លោកបានចូលបួស នៅអាយុ ១២ ឆ្នាំនៅវត្តរៃឃីង។ នៅអាយុ ២១ ឆ្នាំលោកបានចូលបួសពេញសិទ្ធ ហើយនៅឆ្នាំ ១៩៧០ លោកបានប្រឡងជាប់ជាអ្នកប្រាជ្ញបាលីកម្រិត៣៕