
ភ្នំពេញ៖ប្រទេសកម្ពុជា និងវៀតណាម បានប្ដេជ្ញាចិត្តជាថ្មីក្នុងការគោរព និងអនុវត្តនូវសន្ធិសញ្ញា និងកិច្ចព្រមព្រៀងស្ដីពីបញ្ហាព្រំដែនរវាងគ្នាទៅវិញទៅមក ដែលបានចុះហត្ថលេខាកន្លងមក។ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម កាលពីថ្ងៃទី២២ ធ្នូ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា គណៈកម្មការចម្រុះកម្ពុជា-វៀតណាម បានលើកទឹកចិត្តដល់គណៈកម្មការចម្រុះខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក(JBCs) នៃប្រទេសទាំងពីរ ឱ្យធ្វើការយ៉ាងជិតស្និទ្ធ និងពិភាក្សាយ៉ាងសកម្ម ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង។
បើតាមសេចក្តីប្រកាសព័ត៌មានបាន អះអាងថា បញ្ហាព្រំដែន ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការគោរពនិងអនុវត្តឱ្យបានពេញលេញនូវបណ្តាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងស្តីពីព្រំដែន ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានលើកទឹកចិត្តដល់គណៈកម្មការចម្រុះខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក(JBCs) នៃប្រទេសទាំងពីរ ឱ្យធ្វើការយ៉ាងជិតស្និទ្ធ និងពិភាក្សាយ៉ាងសកម្ម ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង ដោយអនុលោមតាមច្បាប់អន្តរជាតិ ចំពោះព្រំដែនគោកចំនួន១៦%ទៀត ដែលពុំទាន់បានខណ្ឌសីមានៅឡើយ។
កាលពី ២៦ សីហា ឆ្នាំ២០២០ យោធាការពារព្រំដែនវៀតណាម ក្នុងខេត្តអានយ៉ាង បានមកបោះតង់ជាច្រើននៅតាមព្រំដែនដែលដោះស្រាយមិនទាន់ដាច់ស្រេច ដោយឃ្លាតពីខ្សែបន្ទាត់ព្រំដែនដែលកម្ពុជាគ្រប់គ្រងបច្ចុប្បន្នចម្ងាយប្រមាណ១២០ម៉ែត្រ ក្នុងស្រុកលើកដែក ខេត្តកណ្ដាល។សកម្មភាពនេះ ធ្វើឱ្យលើសំណុំរឿងព្រំដែនកម្ពុជា-វៀតណាមបានឡើងកម្តៅឡើងវិញក្នុងសង្គមកម្ពុជា៕