បាងកក៖ អគ្គនាយកដ្ឋានរដ្ឋបាលខេត្ត នៃក្រសួងមហាផ្ទៃថៃ បានចេញបញ្ជាបន្ទាន់មួយទៅកាន់អភិបាលស្រុក និងមន្ត្រីមូលដ្ឋានក្នុងខេត្តចំនួន ៤ រួមមាន ម៉ែហុងសន (Mae Hong Son), ឈៀងម៉ៃ (Chiang Mai), ឈៀងរ៉ាយ (Chiang Rai) និងតាក (Tak) ឱ្យរឹតបន្តឹងសន្តិសុខ និងត្រៀមលក្ខណៈជួយសង្គ្រោះពលរដ្ឋ ២៤ ម៉ោងលើ ២៤ ម៉ោង បន្ទាប់ពីមានគ្រាប់បែកយ៉ាងតិចមួយគ្រាប់បានធ្លាក់ចូលមកក្នុងទឹកដីថៃ នៅក្បែរដងទន្លេសាលវីន (Salween) ក្នុងតំបន់ Mae Sam Laep ក្នុងការប៉ះទង្គិចគ្នារបស់កងទ័ពអាកាសមីយ៉ាន់ម៉ាដែលបានបើកការវាយប្រហារតាមផ្លូវអាកាសមកលើមន្ទីរពេទ្យរបស់សហភាពជាតិការ៉ែន (KNU) ជាប់នឹងព្រំប្រទល់របស់ប្រទេសថៃ។
យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន The Nation អាជ្ញាធរថៃបានដាក់ចេញនូវវិធានការសំខាន់ៗចំនួន ៣ ដើម្បីធានាសុវត្ថិភាពខ្ពស់បំផុតជូនប្រជាពលរដ្ឋ ដោយបញ្ជាឱ្យមន្ត្រីបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ និងអង្គភាពល្បាតចល័តនៅតាមផ្លូវយុទ្ធសាស្ត្រនានា ជាពិសេសការតាមដានច្រករបៀងធម្មជាតិ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់។ ជាមួយគ្នានេះ ត្រូវធ្វើការត្រួតពិនិត្យលើបុគ្គលប្លែកមុខ ឬជនបរទេសដែលរត់ភៀសខ្លួនពីសង្គ្រាម ដើម្បីបង្ការសកម្មភាពខុសច្បាប់ដែលអាចប៉ះពាល់ដល់សន្តិសុខសង្គម។
បន្ថែមពីនេះក្នុងករណីដែលការប្រយុទ្ធគ្នាបង្កផលប៉ះពាល់ដល់លំនៅដ្ឋាន ឬទ្រព្យសម្បត្តិរបស់ពលរដ្ឋ មន្ត្រីមូលដ្ឋាននឹងចុះត្រួតពិនិត្យ និងផ្ដល់ជំនួយសង្គ្រោះបឋមភ្លាមៗ ស្របតាមបទប្បញ្ញត្តិផ្លូវការ រួមទាំងការសម្របសម្រួលជាមួយភ្នាក់ងារពាក់ព័ន្ធសម្រាប់ការស្ដារឡើងវិញក្នុងរយៈពេលវែង។ ក្នុងករណីមានអ្នករងរបួស អាជ្ញាធរត្រូវសហការជាមួយមន្ទីរពេទ្យបង្អែក និងអ្នកស្ម័គ្រចិត្តសុខភាពភូមិ ដើម្បីចុះទៅដល់តំបន់រងគ្រោះឱ្យបានលឿនបំផុត និងរៀបចំប្រព័ន្ធបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យស្រុកដែលមានសមត្ថភាពខ្ពស់បានទាន់ពេលវេលា។ អាជ្ញាធរថៃក៏បានអំពាវនាវដល់ពលរដ្ឋ ឱ្យរាយការណ៍ជាបន្ទាន់នូវរាល់ហេតុការណ៍មិនប្រក្រតី ឬបុគ្គលសង្ស័យតាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) ឬមន្ត្រីរដ្ឋបាលនៅក្នុងតំបន់ផ្ទាល់។
គួរបញ្ជាក់ថា ការវាយប្រហារនៅតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ានេះ បានកើតឡើងជាបន្តបន្ទាប់ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០២១ មកម្ល៉េះ។ តំបន់ក្រុង Myawaddy គឺជាច្រកសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយសម្រាប់របបសឹកមីយ៉ាន់ម៉ា ក្នុងការនាំចូលទំនិញពីប្រទេសថៃ។ ការប៉ុនប៉ងវាយដណ្ដើមគ្រប់គ្រងតំបន់នេះឡើងវិញ មិនត្រឹមតែជាយុទ្ធសាស្ត្រយោធាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប៉ុនប៉ងក្ដោបក្ដាប់ដង្ហើមសេដ្ឋកិច្ចឡើងវិញផងដែរ ខណៈដែលក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន កាន់តែពង្រឹងឥទ្ធិពលរបស់ខ្លួននៅតាមតំបន់ព្រំដែនកាន់តែខ្លាំងឡើង៕