ភ្នំពេញ៖ប្រទេសកម្ពុជា និងចិន នឹងរៀបចំកិច្ចសន្ទនា «យុទ្ធសាស្ត្រ២+២»រវាងរដ្ឋមន្ត្រីការបរទេស និង រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន ជាលើកដំបូងដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ហើយកិច្ចសន្ទនានេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២២ មេសាស្អែកនេះ។កិច្ចប្រជុំនេះ ធ្វើឡើងក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើនតាមគោលការណ៍ឯកភាពគ្នារបស់មេដឹកនាំនៃប្រទេសទាំងពីរ។
បើគ្មានអ្វីប្រែប្រួលនោះទេ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និង លោក ដុង ជុន (Dong Jun) រដ្ឋមន្ត្រីការពារជាតិចិន នឹងហោះមកប្រទេសកម្ពុជាស្អែកនេះ ដើម្បីចូលរួមកិច្ចសន្ទនា«យុទ្ធសាស្ត្រ ២+២ »ជាមួយ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា។ជាកិច្ចសន្ទនាលើកដំបូង ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
កិច្ចសន្ទនា «យុទ្ធសាស្ត្រ ២+២ »នេះ សមភាគីកម្ពុជា និងចិន នឹងមានការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និង សន្តិសុខរវាងកម្ពុជា-ចិន ដោយក្នុងនោះវិស័យ សន្តិសុខ អាចផ្ដោតទៅលើការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បញ្ហាគ្រឿងញៀន និង ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៉ីធឺណិតជាដើម។កិច្ចប្រជុំនេះ ធ្វើឡើងក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើនតាមគោលការណ៍ឯកភាពគ្នារបស់មេដឹកនាំនៃប្រទេសទាំងពីរ។
ក្រៅពីចូលរួមកិច្ចសន្ទនា មន្ត្រីជាន់ខ្ពស់ចិនលោក វ៉ាង យី និង លោក ដុង ជុន ក៏នឹងមានជំនួបសម្ដែងការគួរសម ជាមួយសម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅព្រឹកថ្ងៃទី ២៣ មេសា ហើយអាហារសាមគ្គីរួមគ្នា និង ជួបជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាផងដែរ៕