បាត់ដំបង៖ មន្រ្តីជំនាញ នៃមន្ទីរបរិស្ថានខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែមេសា បានសហការជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះស្រាវជ្រាវ ត្រួតពិនិត្យ និងចាត់វិធានការ ដើម្បីទប់ស្កាត់ការបំពុលទឹកព្រែកត្រែង ក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានករណីត្រីពុល ងាប់នៅទីតាំងខាងលើ និងស្នើសុំឱ្យអាជ្ញាធរ ធ្វើការហាមឃាត់ពលរដ្ឋ ផ្អាកការប្រើប្រាស់ទឹកព្រែកត្រែងមួយរយៈ និង កុំយកត្រីដែលងាប់ទៅបរិភោគ។
ក្រុមការងារជំនាញ នៅថ្ងៃទី២០ មេសា បន្តចុះពិនិត្យស្រាវជ្រាវករណីខាងលើ និងបានរកឃើញសំណាកត្រីងាប់មួយចំនួន។ យោងតាមការចុះទៅពិនិត្យដល់ទីតាំងជាក់ស្ដែង កន្លែងមានត្រីងាប់ និងទឹកមានធំក្លិនស្អុយ ក្នុងព្រែកត្រែង ដែលស្ថិតនៅចចម្ងាយ ៦០០ ម៉ែត្រ ផ្នែកខាងក្រោមរោងចក្រកែឆ្នៃស្វាយចំនួនពីរ។ ជាមួយគ្នានេះ ក្រុមការងារបានចុះពិនិត្យជាក់ស្តែង មិនបានឃើញមានករណីសង្ស័យពីការលេចធ្លាយ ឬការបញ្ចេញសំណល់រាវចូលទៅក្នុងអូត្រែងទេ។ ក្រុមការងារក៏បានយកសំណាកទឹកចំនួន៥ទីតាំង នៅខ្សែទឹកខាងលើ និងខាងក្រោម និងចំណុចទឹកស្រះរបស់រោងចក្រ នៃក្រុមហ៊ុនកែច្នៃដំណាប់ស្វាយទាំងពីរ២កន្លែង ដែលស្ថិតក្នុងភូមិសាស្រ្តក្បែរកន្លែងសង្ស័យ ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន។
មន្រ្តីជំនាញបានស្នើសុំឱ្យអាជ្ញាធរ ធ្វើការហាមឃាត់ប្រជាពលរដ្ឋ ផ្អាកការប្រើប្រាស់ទឹកព្រែកត្រែងមួយរយៈ និង កុំយកត្រីដែលងាប់ទៅបរិភោគ។ ក្រុមការងារបានណែនាំបន្ថែមដល់ម្ចាស់ទីតាំងរោងចក្រទាំង២ កុំបញ្ចេញសំណល់រាវបំពុលទឹកសាធារណៈ និងអនុវត្តបទដ្ឋានបច្ចេកទេសបរិស្ថានឱ្យបានត្រឹមត្រូវជាប្រចាំ៕