ជប៉ុន៖ អាជ្ញាធរជប៉ុនបានព្រមានប្រជាជននៅភាគឦសានប្រទេសជប៉ុនឱ្យត្រៀមខ្លួនសម្រាប់ការរញ្ជួយដីធំជាងនេះទៅទៀត បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័របានវាយប្រហារឆ្នេរសមុទ្រ Iwate កាលពីថ្ងៃចន្ទ ដែលបង្កឱ្យមានការចេញព្រមានបន្ទាន់អំពីការវិវត្តន៍នៃរលកយក្សស៊ូណាមិកម្ពស់ដល់ទៅ ៣ ម៉ែត្រ អាចនឹងវាយប្រហារនៅទូទាំងតំបន់ទាំងមូលនៃប្រទេសជប៉ុន។
ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) និងការិយាល័យគណៈរដ្ឋមន្ត្រីបានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាមួយកាលពីល្ងាចថ្ងៃចន្ទថា ប្រជាជននៅក្នុងតំបន់ដែលមានការព្រមានពិសេសមួយត្រូវបានចេញសម្រាប់ក្រុងចំនួន ១៨២ ពីខេត្ត ហុកកៃដូរ ដល់ខេត្ត ឈីបា គួរតែប្រុងប្រយ័ត្ន និងត្រៀមខ្លួនជម្លៀសចេញ។ អាជ្ញាធរបានជំរុញឲ្យពលរដ្ឋរស់នៅក្នុងខេត្តរងគ្រោះរៀបចំផែនការជម្លៀសរបស់ពួកគេ រួមទាំងផ្លូវរត់គេចខ្លួន និងវិធីទំនាក់ទំនងជាមួយក្រុមគ្រួសារ។
ទូរទស្សន៍ NHK បានរាយការណ៍ថា មនុស្សពីរនាក់បានរងរបួសស្រាលនៅក្នុងការរញ្ជួយដីនេះ បុរសម្នាក់អាយុ ៨០ ឆ្នាំ និងស្ត្រីម្នាក់អាយុ ២០ ឆ្នាំនៅ ដោយក្នុងនោះអគារមិនមែនលំនៅដ្ឋានចំនួន ២៦ រួមទាំងសាលារៀន និងភោជនីយដ្ឋាន ត្រូវបានខូចខាតនៅក្រុងអាអូម៉ូរី។
គួររម្លឹកថាការរញ្ជួយដីកាលពីល្ងាចថ្ងៃចន្ទបានវាយប្រហារក្នុងជម្រៅ ២០ គីឡូម៉ែត្រ ប្រហែល ១០០ គីឡូម៉ែត្រពីឆ្នេរសមុទ្រខេត្ត Iwate វេលាម៉ោង ៤:៥២ ល្ងាច នៅក្នុងតំបន់មួយចំនួននៃខេត្ត Aomori, Iwate និង Miyagi ភ្លាមៗអាជ្ញាធរបានចេញការព្រមានអំពីគ្រោះរលកយក្សស៊ូណាមិអាចនឹងលោតដល់កម្ពស់ ៣ ម៉ែត្រ៕