ភ្នំពេញ៖ នៅឆ្នាំ ២០២៥ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានគ្របដណ្តប់ប្រជាជនចំនួន ៥,៤ លាននាក់ រួមទាំងកុមារចំនួន ៣,១ លាននាក់ ដោយផ្តល់ជំនួយសង្គ្រោះមនុស្សធម៌ ជួយសង្គ្រោះជីវិត ព្រមទាំងបន្តអនុវត្តកម្មវិធីអភិវឌ្ឍន៍រយៈពេលវែងនៅទូទាំងខេត្តជាច្រើនក្នុងប្រទេសកម្ពុជា។
ឆ្នាំ២០២៥ ជាពេលវេលាដ៏លំបាកបំផុតមួយសម្រាប់វិស័យមនុស្សធម៌ និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា តួយ៉ាងនៅពេលមានភាពតានតឹងតាមព្រំដែន បានធ្វើឱ្យប្រជាជនរាប់ពាន់គ្រួសារផ្លាស់ទីលំនៅ និងបង្កើនភាពងាយរងគ្រោះដែលកំពុងតែមានស្រាប់។ បើទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ អង្គការទស្សនៈពិភពលោក បានពង្រីកវិសាលភាពការងារ របស់ខ្លួនទៅកាន់ ៨៤ភាគរយ (%) នៃខេត្ត/ក្រុងរបស់ប្រទេសកម្ពុជា (២០ខេត្ត និងរាជធានីភ្នំពេញ) ដោយផ្តល់ការគាំទ្រដល់កុមារ និងគ្រួសារតាមរយៈកម្មវិធីរួមបញ្ចូលគ្នាក្នុងវិស័យឆ្លើយតបមនុស្សធម៌ ការអប់រំប្រកបដោយបរិយាបន្ន សុខភាព និងអាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ការការពារកុមារ ការប្រែប្រួលអាកាសធាតុ និងជីវភាពរស់នៅ និង គណនេយ្យភាពសង្គម។
ឆ្លើយតបទៅនឹងការភៀសសឹកនៅតាមព្រំដែនកម្ពុជា-ថៃ អង្គការទស្សនៈពិភពលោក បានផ្តល់ជំនួយដល់ជនភៀសសឹក ចំនួនជាង ១៤០.០០០ នាក់ ក្នុងនោះមានកុមារជាង ៤៣.០០០ នាក់ និងជនមានពិការភាព ១.១០០ នាក់ នៅទូទាំងខេត្តចំនួនប្រាំ រួមមាន៖ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ និងព្រះវិហារ។ ជំនួយដែលបានផ្តល់រួមមាន ស្បៀងអាហារ ទឹកស្អាត បង្គន់អនាម័យ ជម្រកបណ្តោះអាសន្ន ថ្នាក់រៀនបណ្តោះអាសន្ន កន្លែងកុមារមាត្រី ការគាំទ្រផ្លូវចិត្តសង្គម ជំនួយសាច់ប្រាក់ និងសេវាអាហារូបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ និងបំបៅកូនដោយទឹកដោះ។
ដើម្បីជួយកុមារភៀសសឹកបានបន្តការសិក្សានិងស្តារឡើងវិញខាងសុខភាពផ្លូវចិត្តរបស់ពួកគាត់ អង្គការទស្សនៈពិភពលោក បានបង្កើតកន្លែងកុមារមាត្រីចំនួន ៤៥កន្លែង និងកន្លែងសិក្សាបណ្តោះអាសន្នចំនួន ៥៤កន្លែង ដោយបញ្ចូលសកម្មភាព ដែលធ្វើឱ្យមានអារម្មណ៍ប្រសើរឡើង និងយុទ្ធសាស្ត្រដោះស្រាយវិជ្ជមាន។
ក្រៅពីការឆ្លើយតបបន្ទាន់ អង្គការទស្សនៈពិភពលោកបានបន្តវិនិយោគលើការអភិវឌ្ឍកុមារនៅទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៥ រួមមាន៖
• កុមារជាង ១៦៤.៩០០ នាក់ ក្នុងនោះមានកុមារដែលបាត់បង់ឱកាសចំនួនជាង ១៩.៤០០ នាក់ មានលទ្ធភាពទទួលបានកម្មវិធីអប់រំប្រកបដោយបរិយាបន្ន
• កុមារអាយុក្រោម ៥ ឆ្នាំ ចំនួនជាង ៤១.៨០០ នាក់ ទទួលបានសេវាសុខភាព និងអាហារូបត្ថម្ភ ដោយកុមារចំនួន ២៨.១០០ នាក់ ទទួលបានការពិនិត្យរកមើលកង្វះអាហារូបត្ថម្ភ
• កុមារងាយរងគ្រោះចំនួនជាង ១៨៤.២០០ នាក់ បានចូលរួមក្នុងកម្មវិធីការពារ និងការចូលរួមរបស់កុមារ ដែលពង្រឹងសុវត្ថិភាព និងប្រព័ន្ធការពារតាមសហគមន៍។
តាមរយៈកម្មវិធីទឹកស្អាត និងអនាម័យ អង្គការទស្សនៈពិភពលោក បានរួមចំណែកដល់ការប្រកាសបញ្ចប់ការបន្ទោរបង់ពាស វាលពាសកាល (ODF) នៅក្នុងសហគមន៍ចំនួន ៤៥១ ដែលធ្វើឱ្យប្រសើរឡើងនូវសុខភាពសាធារណៈ និងសេចក្តី ថ្លៃថ្នូរសម្រាប់គ្រួសារនៅជនបទ។ បន្ថែមពីនេះ អង្គការទស្សនៈពិភពលោកបានគាំទ្រដល់គ្រួសារចំនួនជាង ២៤០០គ្រួសារ តាមរយៈការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបានជួយស្ត្រីចំនួន ២៣០០នាក់ ឱ្យចូលរួមក្នុងសកម្មភាពបង្កើតប្រាក់ចំណូល ខណៈដែលបន្តជំរុញការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅក្នុងសហគមន៍ងាយរងគ្រោះ។
លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជា បានមានលើកឡើងថា៖ «នៅឆ្នាំ២០២៥ កម្ពុជាបានប្រឈមមុខនឹងបញ្ហាក៏ពិតមែន ក៏ប៉ុន្តែក៏បានបង្ហាញពីភាពធន់ផងដែរ។ តាមរយៈការធ្វើការរួមគ្នាជាមួយដៃគូរាជរដ្ឋាភិបាល ម្ចាស់ជំនួយ វិស័យឯកជន និងសហគមន៍ អង្គការទស្សនៈពិភពលោក បានផ្តល់ផលជះវិជ្ជមានដល់ប្រជាជន ៥,៤ លាននាក់ ស្ទើរតែមួយភាគបីនៃចំនួនប្រជាជនសរុបជាមួយនឹងជំនួយសង្គ្រោះជីវិត ដែលឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ ខណៈពេលដែលនៅបន្តកសាងអនាគតប្រកបដោយសុវត្ថិភាពជាងមុនសម្រាប់កុមារ។ ផលជះទាំងនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីភាពរឹងមាំរបស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំណាចនៃភាពជាដៃគូផងដែរ។ តាមរយៈការកែសម្រួលកម្មវិធីបច្ចេកទេសរបស់យើង យើងបានធានាថាជំនួយបានទៅដល់អ្នកដែលងាយរងគ្រោះបំផុត ជាពិសេសកុមារនៅតាមតំបន់ដែលរងផលប៉ះពាល់ខណៈពេលដែលផ្តល់ទាំងការសង្គ្រោះបន្ទាន់ និងការកែលម្អយូរអង្វែង សម្រាប់គ្រួសារនៅទូទាំងកម្ពុជា»។
គួរបញ្ជាក់ថា ឆ្នាំ២០២៦នេះ គឺជាខួប ៥៦ ឆ្នាំ នៃវត្តមានរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជា ដែលបង្ហាញពីការប្តេជ្ញាចិត្ត រយៈពេលវែងរបស់ខ្លួនក្នុងការធ្វើការងាររួមគ្នាជាមួយសហគមន៍ និងរាជរដ្ឋាភិបាល សម្រាប់កុមារគ្រប់រូបរស់នៅក្នុងជីវិតពេញបរិបូរណ៍៕