681 ezgif.com resize
Swift cc time

មីយ៉ាន់ម៉ាវាយគ្រប់គ្រងតំបន់សេដ្ឋកិច្ចនៅព្រំដែន តែបាញ់ធ្លាក់គ្រាប់បែកចូលដីថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ម៉ែហុងសន៖ សេចក្ដីរាយការណ៍បន្ទាន់មួយបានឱ្យដឹងថា កងទ័ពអាកាសមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមផ្លូវអាកាសមកលើមន្ទីរពេទ្យរបស់សហភាពជាតិការ៉ែន (KNU) និងតំបន់ក្បែរៗនោះ ដែលស្ថិតនៅជាប់ព្រំដែនថៃ ក្នុងខេត្ត Mae Hong Son។ អាជ្ញាធរថៃបានបញ្ជាក់ថា មានគ្រាប់បែកយ៉ាងតិចមួយគ្រាប់បានធ្លាក់ចូលមកក្នុងទឹកដីថៃ នៅក្បែរដងទន្លេសាលវីន (Salween) ក្នុងតំបន់ Mae Sam Laep ដែលបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងដល់ពលរដ្ឋក្នុងភូមិ រហូតឈានដល់ការរត់ភៀសខ្លួនចេញពីលំនៅដ្ឋានដើម្បីសុវត្ថិភាព។

យោងតាមរបាយការណ៍ពីស្រុក Mae Sot ខេត្ត Tak ក៏បានឱ្យដឹងដែរថា កងពលតូចថ្មើរជើងស្រាលលេខ ២២ របស់មីយ៉ាន់ម៉ា បានប្រើប្រាស់អាវុធធុនធ្ងន់ និងអាវុធតូចៗជាច្រើន ក្នុងការវាយលុកលើទីតាំងរបស់ KNU ក្នុងក្រុង Myawaddy រដ្ឋការ៉ែន ដែលស្ថិតនៅទល់មុខនឹងសហគមន៍ព្រំដែនថៃក្នុងខេត្ត Tak។

ប្រភពពី KNU បានបញ្ជាក់ថា ការវាយលុកនេះធ្វើឡើងតាមបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំជាន់ខ្ពស់មីយ៉ាន់ម៉ា ដើម្បីដណ្ដើមយកតំបន់យុទ្ធសាស្ត្រសំខាន់ៗ រួមមានភូមិ Minlapaan និងតំបន់ក្បែរៗនោះឱ្យបានមុនពេលមេឃបង្អុរភ្លៀង ដែលជាឧបសគ្គដ៏ធំដល់ការចល័តទ័ព និងគ្រឿងចក្រសឹក។

បច្ចុប្បន្ន អាជ្ញាធរថៃកំពុងតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីត្រៀមលក្ខណៈឆ្លើយតបចំពោះផលប៉ះពាល់ដែលអាចកើតមាន ចំពោះពលរដ្ឋថៃដែលរស់នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន។

គួរបញ្ជាក់ថា ការវាយប្រហារនៅតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ានេះ បានកើតឡើងជាបន្តបន្ទាប់ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០២១ មកម្ល៉េះ។ តំបន់ក្រុង Myawaddy គឺជាច្រកសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយសម្រាប់របបសឹកមីយ៉ាន់ម៉ា ក្នុងការនាំចូលទំនិញពីប្រទេសថៃ។ ការប៉ុនប៉ងវាយដណ្ដើមគ្រប់គ្រងតំបន់នេះឡើងវិញ មិនត្រឹមតែជាយុទ្ធសាស្ត្រយោធាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប៉ុនប៉ងក្ដោបក្ដាប់ដង្ហើមសេដ្ឋកិច្ចឡើងវិញផងដែរ ខណៈដែលក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន កាន់តែពង្រឹងឥទ្ធិពលរបស់ខ្លួននៅតាមតំបន់ព្រំដែនគួរឱ្យកត់សម្គាល់។

សហភាពជាតិការ៉ែន (Karen National Union - KNU) គឺជាអង្គការនយោបាយតំណាងឱ្យជនជាតិភាគតិចការ៉ែន ដែលបានតស៊ូទាមទារសិទ្ធិស្វ័យសម្រេច និងការបង្កើតរដ្ឋសហព័ន្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំ ១៩៤៩។ ចលនានេះត្រូវបានចាត់ទុកថា ជាចលនាបំបែកខ្លួនដែលអូសបន្លាយពេលយូរបំផុតមួយនៅក្នុងពិភពលោក៕

សមាជិកនៃសហភាពជាតិការ៉ែន (KNU) ជួបជុំគ្នានៅតំបន់ Lawkheela រដ្ឋការ៉ែន ដើម្បីរៀបចំមហាសន្និបាតលើកទី១៦ របស់ខ្លួន ក្នុងឆ្នាំ២០១៧។


Khcct banner

អត្ថបទទាក់ទង