681 ezgif.com resize
Swift cc time

ក្រុមហ៊ុន តេ ហ្សុង ស៊ីប៉ី ជានស៊ី យ៉ានជីវ យ័ន (ខេមបូឌា) ឯ.ក បើកដំណើរការនៅកម្ពុជាដើម្បីត្រួតពិនិត្យសុវត្ថិភាពគ្រឿងចក្រ គ្រឿងម៉ាស៊ីន និងឧបករណ៍មានហានិភ័យខ្ពស់ តាមបណ្តាសហគ្រាសនានា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ នាពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន តេ ហ្សុង ស៊ីប៉ី ជានស៊ី យ៉ានជីវ យ័ន (ខេមបូឌា) ឯ.កជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យ និងការបណ្តុះបណ្តាលបច្ចេកទេសត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ ខណៈក្រុមហ៊ុនចិនដែលកំពុងបើកដំណើរការនៅកម្ពុជាមួយនេះ មានជំនាញផ្នែកត្រួតពិនិត្យសុវត្ថិភាពគ្រឿងចក្រ គ្រឿងម៉ាស៊ីន និងឧបករណ៍មានហានិភ័យខ្ពស់។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានស៊ីស៊ីថាមស៍ លោក AI SHENGFU អគ្គនាយកក្រុមហ៊ុន តេ ហ្សុង ស៊ីប៉ី ជានស៊ី យ៉ានជីវ យ័ន (ខេមបូឌា) ឯ.ក បានលើកឡើងថា៖«យើងបានធ្វើអាជីវកម្មស្របច្បាប់នៅកម្ពុជាជាច្រើន ដូចជា ធ្យូងថ្ម, គ្រាប់ជីវម៉ាស, ថាមពល និងសម្ភារសំណង់ជាដើម។ ក្នុងដំណើរការនេះ យើងឃើញថាកម្ពុជាមានការអភិវឌ្ឍយ៉ាងល្អ ស្ថិរភាពនយោបាយ ប្រជាជនមានចិត្តសប្បុរស និងស្មោះត្រង់ ហើយការអភិវឌ្ឍប្រទេសមានដំណើរការយ៉ាងលឿន។ យើងសង្កេតឃើញថា កម្ពុជាខ្វះខាតផ្នែកត្រួតពិនិត្យ ឧបករណ៍ដែលមានហានិភ័យខ្ពស់។»

លោកបន្ថែមថា៖«ការត្រួតពិនិត្យឧបករណ៍ដែលមានហានិភ័យខ្ពស់នៅទូទាំងពិភពលោកគឺស្ថិតក្នុងការគ្រប់គ្រងឧបករណ៍ដែលមានគ្រោះថ្នាក់ខ្ពស់។ ក្រោយមក ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្មបានដាក់បញ្ចូលឧបករណ៍ដែលមានហានិភ័យខ្ពស់ទាំងអស់ ឱ្យស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រុមហ៊ុនយើង ហើយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនបានបញ្ចប់ការសាងសង់ទីតាំង និងបើកដំណើរការ បន្ទាប់ពីឆ្លងកាត់ដំណើរការជាបន្តបន្ទាប់រួចមក ក្រសួងឧស្សាហកម្មបានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនលោក ហើយប្រគល់សិទ្ធិឱ្យក្រុមហ៊ុនដំណើរការ។»

លោក AI SHENGFU អគ្គនាយកក្រុមហ៊ុន តេ ហ្សុង ស៊ីប៉ី ជានស៊ី យ៉ានជីវ យ័ន (ខេមបូឌា) ឯ.ក 

អគ្គនាយកក្រុមហ៊ុន តេ ហ្សុង បន្តថា លោកបានសន្យាជាមួយក្រសួងឧស្សាហកម្មថា នឹងបណ្តុះបណ្តាលបុគ្គលិកជំនាញដែលមានវិញ្ញាបនបត្រចំនួន ៥ម៉ឺន-៦ម៉ឺននាក់ ដល់ប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហាការងារ និងទទួលបានប្រាក់ខែខ្ពស់។ ចំពោះវិញ្ញាបនបត្រប្រតិបត្តិការ វិញ្ញាបនបត្រគ្រប់គ្រង វិញ្ញាបនបត្រដំឡើង វិញ្ញាបនបត្រផលិត ដែលពាក់ព័ន្ធនឹងឧបករណ៍ដែលមានហានិភ័យខ្ពស់តាមសហគ្រាសឧស្សាហកម្មនានានៅទូទាំងប្រទេស ក្រសួងឧស្សាហកម្មបានប្រគល់សិទ្ធិឱ្យក្រុមហ៊ុនធ្វើការបណ្តុះបណ្តាល និងវាយតម្លៃ។ ក្រុមហ៊ុន តេ ហ្សុង ប្ដេជ្ញាខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស និងត្រួតពិនិត្យឧបករណ៍ដែលមានហានិភ័យខ្ពស់ ដើម្បីធានាបានសុវត្ថិភាព ព្រមទាំងមិនធ្វើឱ្យខូចទំនុកចិត្តដែលរាជរដ្ឋាភិបាលកម្ពុជាប្រគល់ឱ្យក្រុមហ៊ុនឡើយ។

ជាមួយគ្នានេះ លោក He Jing Wei ប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេស នៃក្រុមហ៊ុន តេ ហ្សុង ស៊ីប៉ី ជានស៊ី យ៉ានជីវ យ័ន (ខេមបូឌា) ឯ.ក បានលើកឡើងដែរថា ដោយសារមើលឃើញពីកង្វះខាតផ្នែកត្រួតពិនិត្យឧបករណ៍ដែលមានហានិភ័យខ្ពស់នៅកម្ពុជា ទើបក្រុមហ៊ុនសម្រេចបើកដំណើរការផ្នែកនេះ ដើម្បីរួមចំណែកក្នុងការគ្រប់គ្រងឧបករណ៍ដែលមានហនិភ័យខ្ពស់នៅកម្ពុជា។

លោកពន្យល់ថា ប្រសិនបើការគ្រប់គ្រង និងការត្រួតពិនិត្យឧបករណ៍ដែលមានហានិភ័យខ្ពស់ប្រព្រឹត្តទៅបានល្អ វានឹងជះឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងដល់ឧស្សាហកម្ម សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។ ផ្ទុយទៅវិញ ប្រសិនបើការត្រួតពិនិត្យមិនបានល្អ គ្រោះថ្នាក់ឧបករណ៍ដែលមានហានិភ័យខ្ពស់អាចកើតឡើងញឹកញាប់ ដូចជា ឡចំហាយ ធុងសម្ពាធ បំពង់សម្ពាធ ដែលមានសីតុណ្ហភាព និងសម្ពាធខ្ពស់ ហើយសារធាតុខាងក្នុងខ្លះមានជាតិពុល ឬងាយឆេះ ងាយផ្ទុះ។ ប្រសិនបើលេចធ្លាយ ឬផ្ទុះឡើង ការខូចខាតគឺមានលក្ខណៈជាមហន្តរាយ។

លោក He Jing Wei ប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេស នៃក្រុមហ៊ុន តេ ហ្សុង ស៊ីប៉ី ជានស៊ី យ៉ានជីវ យ័ន (ខេមបូឌា) ឯ.ក 

ប្រធានផ្នែករូបនេះសង្ឃឹមថាអាចជួយកម្ពុជាបង្កើតច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតឡើងក្នុងការប្រើប្រាស់ឧបករណ៍ដែលមានហានិភ័យខ្ពស់ឱ្យបានច្រើនបំផុត រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងវិបុលភាពសង្គមកម្ពុជា។

គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងឧស្សាហកម្មបានដាក់បញ្ចូលឧបករណ៍ដែលមានហានិភ័យខ្ពស់មាន ៨ ប្រភេទសំខាន់ៗ៖ ឡចំហាយ ធុងសម្ពាធ បំពង់សម្ពាធ ជណ្តើរយន្ត រថយន្តដឹកអ្នកទស្សនាក្នុងតំបន់រោងចក្រ ផ្លូវរថភ្លើងសម្រាប់អ្នកដំណើរ និងឧបករណ៍នៅក្នុងកន្លែងកម្សាន្ត។ រីឯឧបករណ៍ដែលមានគ្រោះថ្នាក់ខ្ពស់វិញ មានវិសាលភាពទូលំទូលាយជាងនេះ ពោលគឺឧបករណ៍ណាដែលប្រតិបត្តិការដោយមនុស្ស ហើយមានហានិភ័យដល់អាយុជីវិត សុទ្ធតែហៅថាឧបករណ៍ដែលមានគ្រោះថ្នាក់ខ្ពស់ ដូចជា ម៉ាស៊ីនភ្លើង, ម៉ាស៊ីនកិនរ៉ែ និងម៉ាស៊ីនធំៗដែលមានសីតុណ្ហភាពខ្ពស់ (ដូចជាម៉ាស៊ីនក្នុងរោងចក្រស៊ីម៉ង់ត៍ រោងចក្រទាញយកថ្ម) ប្រហែលជាមានចំនួន ២០ ប្រភេទ៕


Khcct banner

អត្ថបទទាក់ទង