ភ្នំពេញ៖ ក្នុងរយៈពេល១០ថ្ងៃ រាប់ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ រួមទាំងក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី នៅទូទាំងប្រទេស មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតឡើង៨២ករណី បណ្តាលឱ្យមានមនុស្សស្លាប់ ៥០នាក់ និងរងរបួសធ្ងន់ស្រាល១៤៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
សម្រាប់ចន្លោះពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា បើតាមលោក ទូច សុឃៈ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ២៧ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ ១៧នាក់ និងរបួសធ្ងន់ស្រាល ៤៥នាក់ ធៀបឆ្នាំ២០២៥ ថយចុះ ៣ករណី អ្នកស្លាប់ថយចុះ ៩នាក់ និងរបួសថយចុះ២នាក់។ អ្នកនាំពាក្យរង បានឱ្យដឹងថា សម្រាប់ករណី១០ថ្ងៃចុងក្រោយនេះ មូលហេតុបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ បត់មិនប្រយ័ត្ន ស្រវឹង និងកត្តាយានយន្ត។
គួរបញញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង៣០ករណី បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ២៦នាក់ និងរបួសធ្ងន់ស្រាលចំនួន ៤៧នាក់៕