681 ezgif.com resize
Swift cc time

ផ្ទះបណ្តែតទឹកនៅម៉ាឡេស៊ីប្រមាណ១០០០ខ្នង ត្រូវបានឆេះ ដោយប៉ះពាល់ដល់ពលរដ្ឋជាង៩,០០០ នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

កូឡាឡាំពួរ៖ កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យម្សិលមិញនេះ គ្រោះអគ្គិភ័យដ៏ធំមួយបានឆាបឆេះសហគមន៍នៅតាមតំបន់ឆ្នេរនៃកោះ Borneo ប្រទេសម៉ាឡេស៊ី ដោយបានបំផ្លាញផ្ទះសម្បែងប្រមាណ ១,០០០ ខ្នង និងបង្កឱ្យប្រជាពលរដ្ឋជាង ៩,០០០ នាក់ ត្រូវជម្លៀសខ្លួនចេញពីទីលំនៅ។

យោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP អគ្គិភ័យនេះបានចាប់ផ្ដើមឆាបឆេះតាំងពីព្រលឹមស្រាងៗនាថ្ងៃអាទិត្យ នៅក្នុងស្រុក Sandakan ហើយបានរីករាលដាលយ៉ាងឆាប់រហ័សតាមជួរផ្ទះឈើដែលសាងសង់ខ្ពស់ៗពីលើផ្ទៃទឹកសមុទ្រ។

នាយកដ្ឋានបង្ការ និងសង្គ្រោះអគ្គិភ័យ បានពន្យល់ថា ស្ថានភាពខ្យល់បក់ខ្លាំង រួមផ្សំនឹងសំណង់ផ្ទះដែលនៅកៀកគ្នាខ្លាំង គឺជាកត្តាដែលធ្វើឱ្យភ្លើងឆេះកាន់តែខ្លាំង ខណៈដែលផ្លូវចូលតូចចង្អៀត និងស្ថានភាពទឹកនាច បានធ្វើឱ្យក្រុមសង្គ្រោះមានការលំបាកយ៉ាងខ្លាំងក្នុងការចូលទៅកាត់ផ្ដាច់អណ្ដាតភ្លើង។

ទោះបីជាមិនមានរបាយការណ៍អំពីអ្នកស្លាប់ ប៉ុន្តែពលរដ្ឋរាប់ពាន់នាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងទៅកាន់ទីជម្រកបណ្ដោះអាសន្ន។ មេភូមិម្នាក់ក្នុងតំបន់រងគ្រោះបានបញ្ជាក់ថា មូលហេតុដំបូងអាចបណ្ដាលមកពីការចម្អិនអាហារដែលបង្កជាភ្លើងឆេះរាលដាលខ្លាំង ប៉ុន្តែអាជ្ញាធរកំពុងបន្តការស៊ើបអង្កេតដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់។

ពាក់ព័ន្ធនឹងសោកនាដកម្មនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានបញ្ជាក់ថា ស្ថាប័នសហព័ន្ធ និងរដ្ឋកំពុងសហការគ្នាផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដល់ក្រុមគ្រួសារដែលរងគ្រោះ ខណៈដែលភូមិបណ្ដែតទឹកទាំងនោះភាគច្រើនជាសហគមន៍ដែលមានចំណូលទាប និងខ្វះខាតហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដែលធ្វើឱ្យពួកគេកាន់តែងាយរងគ្រោះក្នុងឧប្បត្តិហេតុបែបនេះ៕

Khcct banner

អត្ថបទទាក់ទង