681 ezgif.com resize
Swift cc time

ការរៀបចំព្រឹត្តិការណ៍នានា ក្នុងថ្ងៃចូលឆ្នាំថ្មី រួមចំណែកយ៉ាងសំខាន់ដល់«សេដ្ឋកិច្ចមូលដ្ឋាន» តែអាចប៉ះដល់ខ្សែចង្វាក់ផលិតកម្មខ្លះដោយសារឈប់យូរថ្ងៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ការរៀបចំព្រឹត្តិការណ៍នានា ក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃដែលបានកន្លងផុតទៅថ្មីៗនេះ បានរួមចំណែកយ៉ាងសំខាន់ដល់«សេដ្ឋកិច្ចមូលដ្ឋាន» តែអាចប៉ះដល់ខ្សែចង្វាក់ផលិតកម្មខ្លះដោយសារឈប់យូរថ្ងៃ។ ទោះជាយ៉ាងណាក៏អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ការឈប់សម្រាក់នាឱកាសបុណ្យចូលឆ្នាំនេះ នៅតែផ្តល់ផលវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាច្រើនជាងផលអវិជ្ជមាន ជាពិសេសសេដ្ឋកិច្ចមូលដ្ឋានរបស់ក្រុមអ្នកលក់ដូរនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធកាន់តែល្អប្រសើរ និងជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិទាំងមូលឱ្យកាន់តែមានភាពរីកចម្រើន។ នេះបើតាមការបញ្ជាក់របស់ក្រុមអ្នកជំនាញសេដ្ឋកិច្ចមកកាន់សារព័ត៌មានស៊ីស៊ីថាមស៍។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា៖ «ធម្មតាការឈប់សម្រាកថ្ងៃបុណ្យទានតែងមានផលវិជ្ជមាន និងអវិជ្ជមាន ចំពោះផលអវិជ្ជមានគឺរោងចក្រ សហគ្រាស ក្រុមហ៊ុនវិនិយោគនៅស្រុកខ្មែរ ឈប់យូរថ្ងៃដែលបានធ្វើឱ្យបាត់ប្រាក់ចំណូលមួយចំនួន និយាយចំគឺប៉ះពាល់ដល់ខ្សែសង្វាក់ផលិតកម្មផ្គត់ផ្គង់ទីផ្សារមួយចំនួន។»

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា 

អនុប្រធានសភាពាណិជ្ជកម្មរូបនេះបន្តថា ទន្ទឹមនឹងនេះក៏មានផលវិជ្ជមានដែរ ហើយចំពោះផលវិជ្ជមានគឺធំជាងផលអវិជ្ជមាននារដូវបុណ្យទាននេះ ព្រោះការឈប់សម្រាកនារដូវបុណ្យចូលឆ្នាំប៉ុន្មានថ្ងៃនេះ គឺធ្វើឱ្យលំហូរចរន្តសេដ្ឋកិច្ច ជាពិសេសជួយទ្រទ្រង់ដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ សហគ្រាសធន់តូចនិងមធ្យមនៅកម្ពុជា នៅតាមតំបន់ទេសចរណ៍ ក៏ដូចជាឧស្សាហកម្មទេសចរណ៍ដែលផលិតដើម្បីផ្គត់ផ្គង់ឱ្យអ្នកដើរកម្សាន្ត អ្នកប្រើប្រាស់នៅក្នុងស្រុក។ ដូច្នេះ លំហូរសាច់ប្រាក់ចាក់ចូលក្នុងសេដ្ឋកិច្ចក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរធ្វើឱ្យចរន្តសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា ក៏បានលើកឡើងដែរថា ព្រឹត្តិការណ៍នានានៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅថ្មីៗនេះ មានប្រជាពលរដ្ឋបានដើរកម្សាន្តច្រើន ដែលបានធ្វើឱ្យមានការចាយវាយឡើងវិញនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច និងធ្វើឱ្យមានចំណូលច្រើនសម្រាប់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋខ្មែរដែលផ្គត់ផ្គង់ផលិតផលឬសេវាកម្មនានាក្នុងឱកាសចូលឆ្នាំខ្មែរ ដែលជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានសម្ទុះខ្ពស់ជាងមុន។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា

គួរបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំ២០២៦នេះ គិតចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា នៅទូទាំងរាជធានី-ខេត្ត មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកដើរលេងកម្សាន្តប្រមាណ ២១,០៩២,៤៤៦ នាក់។ រាជធានី-ខេត្តចំនួន៥ ដែលទទួលបានទេសចរច្រើនជាងគេរួមមាន៖ ១.រាជធានីភ្នំពេញ ៤ ៤០២ ០៩២ នាក់, ២.ខេត្តកំពង់ចាម៖ ៤ ១៧៨ ៦២៣ នាក់, ៣. ខេត្តព្រៃវែង៖ ២ ៣២៣ ០៩៦ នាក់, ៤. ខេត្តសៀមរាប៖ ១ ៧៩២ ៤៣៨ នាក់, ៥. ខេត្តកំពង់ស្ពឺ៖ ១ ៧១២ ០០០ នាក់។ នេះបើតាមរបាយការណ៍ពីក្រសួងទេសចរណ៍៕



Khcct banner

អត្ថបទទាក់ទង