បារាំង៖ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោក លុយ ដាវីត នៅថ្ងៃទី ១៨ មេសា បានចេញសេចក្តីបំភ្លឺ និងបដិសេធការចោទប្រកាន់របស់ក្រុមប្រឆាំងខ្មែរនៅក្រៅប្រទេសថាមានការរើសអើង លោក សម រង្ស៊ី ដែលមិនអនុញ្ញាតចូលរួមនៅក្នុងកម្មវិធីជួបជុំសមាគម និង ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងបារីស កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។ការមិនអនុញ្ញាតិនេះ គឺដោយសារលោក សម រង្ស៊ី«ជាទណ្ឌិត» និង ជាឆន្ទានុសិទ្ធិរបស់តំណាងរាស្ត្របារាំង មិនឱ្យចូលរួមក្នុងកម្មវិធីនៅរដ្ឋសភាបារាំង។
យោងតាមសេចក្តីបំភ្លឺរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ការមិនអនុញ្ញាតឱ្យលោក សម រង្ស៊ី ចូលរួមក្នុងកម្មវិធីនាថ្ងៃទី១៦ ខែមេសា នៅរដ្ឋសភាបារាំង គឺជាឆន្ទានុសិទ្ធិរបស់លោកតំណាងរាស្ត្របារាំងដែលជាម្ចាស់រៀបចំកម្មវិធី ដើម្បីបើកផ្លូវឱ្យឯកអគ្គរាជទូតអាចចូលរួមក្នុងកម្មវិធីនេះ។
បើតាមស្ថានឯកអគ្គរាជទូតកម្ពុជា បានពន្យល់ថា ស្ថាប័នរដ្ឋផ្លូវការ និង បុគ្គលតំណាងរដ្ឋមិនអាចសហការ ឬធ្វើការទទួលស្គាល់បុគ្គលជា «ទណ្ឌិត» ដែលត្រូវបានតុលាការកាត់ទោស ពីបទរួមគំនិត «ក្បត់ជាតិ ប៉ុនប៉ងធ្វើរដ្ឋប្រហារ និងប្រមាថព្រះមហាក្សត្រ»នោះទេ។សម្រាប់ទូត បានចាត់ទុកការណ៍នេះ គឺជាការប្រុងប្រយ័ត្ន ដើម្បីចៀសវាងការផ្សារភ្ជាប់ឯកអគ្គរាជទូតកម្ពុជាជាមួយបុគ្គលដែលជាប់ទោស និង បដិសេធថា នេះមិនមែនជាការរើសអើងនិន្នាការនយោបាយឡើយ។