681 ezgif.com resize
Swift cc time

អាហារូបករណ៍ Harpswell បើកទទួលពាក្យសម្រាប់សិស្សនារីមកពីបណ្តាខេត្ត

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ អាហារូបករណ៍Harpswell ដែលជាអាហារូបករណ៍ដែលផ្តល់នូវអន្តេវាសិកដ្ឋាន និងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំកំពុងបើកទទួលពាក្យ សម្រាប់សិស្សនារីដែលកំពុងសិក្សាថ្នាក់ទី១២ ឬបានបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំចាស់នៅតាមបណ្តាខេត្ត ដែលមានគោលបំណងចង់បន្តការសិក្សានៅរាជធានីភ្នំពេញ ឱ្យដាក់ពាក្យសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ អាហារូបករណ៍នេះ នឹងផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

យោងតាមគេហទំព័រផ្លូវការនៃអាហារូបករណ៍Harpswell ដើម្បីដាក់ពាក្យស្នើសុំអាហារូបករណ៍បេក្ខនារីត្រូវតែជាសិស្សនារីដែលកំពុងសិក្សាថ្នាក់ទី១២ ឬសិស្សនារីដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលពុំទាន់បានចូលរៀននៅសាកលវិទ្យាល័យនៅឡើយ។ សិស្សនារីដែលដាក់ពាក្យ គឺជាសិស្សពូកែក្នុងថ្នាក់ និងទទួលបាននិទ្ទេសល្អនៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងជាសិស្សដែលសកម្មនៅក្នុងការចូលរួមសកម្មភាពនានារបស់សង្គម និងយល់ដឹងពីបញ្ហាសង្គម។ មួយវិញទៀត សិស្សនារីតម្រូវឱ្យមានមូលដ្ឋានគ្រឹះភាសាអង់គ្លេស ព្រមទាំងមានទស្សនៈវិស័យសម្រាប់អនាគតខ្លួន និងប្រទេសជាតិរបស់ខ្លួន។ បេក្ខនារីមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

បើតាមប្រភពដដែល អាហារូបករណ៍នេះ ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់និស្សិតដែលបានជាប់ជ័យលាភីដែលរួមមាន អន្តេវាសិកដ្ឋានដែលមានផាសុកភាព សុវត្ថភាព និងមានសន្តិសុខយាម ២៤ម៉ោង ព្រមទាំងបន្ទប់រៀនមានបរិយាកាសល្អរួមមានបណ្ណាល័យ និងបន្ទប់កុំព្យូទ័រ ។ និស្សិតទទួលបានអាហារបីពេលក្នុងមួយថ្ងៃជាប្រចាំ។ លើសពីអន្តេវាសិកដ្ឋាន និស្សិតដែលទទួលបានអាហារូបករណ៍ នឹងទទួលបានការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងវគ្គសិក្សាបំប៉ននានា រួមមានភាសាអង់គ្លេស កុំព្យូទ័រ ព្រមទាំងថ្នាក់ស្នូលដែលរួមមាន ការត្រៀមខ្លួនសម្រាប់ការសិក្សាសាកលវិទ្យាល័យ ការជជែកដេញដោល សំណេរវិភាគ និងការធ្វើគម្រោងជាដើម។ ជាពិសេស និស្សិតនឹងមានការវិភាគពីបញ្ហាទូទៅនៅក្នុងប្រទេស និងពិភពលោកជារៀងរាល់សប្តាហ៍ និងសិក្ខាសិលាភាពជាអ្នកដឹកនាំពីវាគ្មិនមានបទពិសោធន៍ល្អ ជារៀងរាល់់មួយខែម្តង។ អាហារូបករណ៍នេះ ផ្តល់ឱ្យសម្រាប់និស្សិតរយៈពេល ៤ឆ្នាំពេញពោលគឺចាប់ពីចូលរៀននៅសាកលវិទ្យាល័យរហូតដល់បញ្ចប់ការសិក្សា។ និស្សិតដែលបានបញ្ចប់ការសិក្សា ក៏អាចរស់នៅមួយឆ្នាំបន្ថែម នៅក្នុងអន្តេវាសិកដ្ឋានអតីតនិស្សិតផងដែរ។

គួរបញ្ជាក់ថា ការដាក់ពាក្យអាហារូបករណ៍នឹងប្រព្រឹត្តទៅចំនួន បួនដំណាក់កាលរួមមានការដាក់ពាក្យតាមប្រព័ន្ធអនឡាញ វគ្គសរសេរសំណេរ វគ្គសម្ភាស និងជាចុងក្រោយរង់ចាំលទ្ធផលបាក់ឌុប។ អាហារូបករណ៍នេះ មិនទាក់ទងនឹងការអប់រំបែបសាសនាឡើយ៕

Khcct banner

អត្ថបទទាក់ទង