បេរូត៖ ប្រធានាធិបតីលីបង់ លោក Joseph Aoun បានអះអាងកាលពីថ្ងៃសុក្រថា ប្រទេសរបស់លោកកំពុងស្ថិតនៅលើដំណាក់កាលថ្មីក្នុងការស្វែងរកការចរចា«កិច្ចព្រមព្រៀងអចិន្ត្រៃយ៍»ជាមួយអ៊ីស្រាអែល បន្ទាប់ពីបទឈប់បាញ់រយៈពេល ១០ថ្ងៃក្នុងសង្គ្រាមអ៊ីស្រាអែល-ហេសបូឡា បានចូលជាធរមាន។
នៅក្នុងសុន្ទរកថាមួយថ្លែងទៅកាន់ប្រជាជនលីបង់កាលពីថ្ងៃសុក្រ លោកបានប្រាប់ថាពេលនេះលោកកំពុងតែស្វែងរកការចរចា និងកិច្ចព្រមព្រៀងជាអចិន្រ្តៃយ៍ជាមួយនឹងអ៊ីស្រាអែលដើម្បីទទួលបានសន្តិភាពរយៈពេលយូរអង្វែង។ លោកថា ប្រទេសរបស់លោកលែងជាសង្វៀនសម្រាប់សង្គ្រាមរបស់នរណាម្នាក់ទៀតហើយ។ លោកសង្គត់ធ្ងន់ថា លីបង់ត្រូវបានទាញចូលទៅក្នុងជម្លោះផ្ទាល់នៅមជ្ឈិមបូព៌ាកាលពីថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមហេសបូឡាដែលគាំទ្រដោយទីក្រុងតេអេរ៉ង់បានវាយប្រហារអ៊ីស្រាអែលដើម្បីសងសឹកចំពោះការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei។
សម្រាប់លោក Joseph Aoun រដ្ឋាភិបាលលីបង់បានទាមទារយកមកវិញនូវអំណាចសម្រេចចិត្តរបស់ប្រទេសលីបង់ជាលើកដំបូងក្នុងរយៈពេលជិតកន្លះសតវត្សរ៍។លោកបានមានប្រសាសន៍ថាថ្ងៃនេះ យើងចរចាដើម្បីខ្លួនយើង យើងលែងជាកូនអុកនៅក្នុងល្បែងរបស់នរណាម្នាក់ទៀតហើយ ហើយក៏មិនមែនជាសង្វៀនសម្រាប់សង្គ្រាមរបស់នរណាម្នាក់ដែរ។
គួររម្លឹកថាអ៊ីស្រាអែលបានឆ្លើយតបដោយការបាញ់ប្រហារជាច្រើនលើកច្រើនសារលើប្រទេសលីបង់ និងបើកការវាយលុកលើដីគោក ដោយបានសម្លាប់មនុស្សជិត ២៣០០នាក់ និងបានបណ្តេញមនុស្សជាងមួយលាននាក់ចាកចេញពីទីលំនៅរបស់ខ្លួន និងបង្ខំភៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព៕