ហ្សាការតា៖ ការិយាល័យអគ្គព្រះរាជអាជ្ញាឥណ្ឌូនេស៊ីបានចាប់ខ្លួនប្រធានអ្នកតំណាងរាស្ត្រម្នាក់គឺលោក Hery Susanto ពីបទទទួលសំណូកពីក្រុមហ៊ុននីកែលក្នុងស្រុកមួយ លោក Susanto ត្រូវបានចោទប្រកាន់ថាបានទទួលប្រាក់ចំនួន ១,៥ ពាន់លានរូពី (៨៧,៣០៩ ដុល្លារអាម៉េរិក) ពីក្រុមហ៊ុននីកែលមួយ នៅពេលដែលលោកជាសមាជិកក្រុមប្រឹក្សាភិបាលនៃការិយាល័យអ្នកតំណាងរាស្ត្រឥណ្ឌូនេស៊ីចាប់ពីឆ្នាំ ២០២១ ដល់ ២០២៦។ ចំណាត់ការចាប់ខ្លួនលោក Hery Susanto ធ្វើឡើងត្រឹមតែ ៦ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីរូបលោកទើបតែស្បថចូលកាន់តំណែងជាប្រធានអ្នកតំណាងរាស្ត្រនៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦។
បើតាមលោក Syarief Sulaeman Nahdi នាយកស៊ើបអង្កេតនៅការិយាល័យអគ្គព្រះរាជអាជ្ញាបានអះអាងថា ព្រះរាជអាជ្ញាបានចាប់ខ្លួនលោក Hery Susanto កាលពីថ្ងៃព្រហស្បតិ៍ ដោយមុនការចាប់ខ្លួនលោកត្រូវបានតែងតាំងជាប្រធានអ្នកតំណាងរបស់ឥណ្ឌូនេស៊ីដោយប្រធានាធិបតី Prabowo Subianto នៅថ្ងៃទី ១០ ខែមេសា។ លោក Nahdi បានបញ្ជាក់ទៀតថា លោក Susanto ត្រូវបានគេចោទប្រកាន់ថាបានទទួលប្រាក់ចំនួន ១.៥ ពាន់លានរូពី (៨៧,៣០៩ ដុល្លារអាម៉េរិក) ពីក្រុមហ៊ុននីកែលមួយក្នុងអំឡុងពេលដែលលោកជាសមាជិកក្រុមប្រឹក្សាភិបាលជាមួយការិយាល័យអ្នកតំណាងរបស់ឥណ្ឌូនេស៊ីចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៦។
លោក Nahdi បានប្រាប់អ្នកយកព័ត៌មានថា ក្រុមហ៊ុននីកែល ដែលត្រូវបានគេស្គាល់តែអក្សរកាត់ TSHI បានជួបប្រទះបញ្ហាទាក់ទងនឹងការគណនាប្រាក់ពិន័យរបស់ខ្លួន ហើយនាពេលនោះលោក Susanto និងក្រុមហ៊ុនបានធ្វើការរៀបចំបញ្ជីឯកសារក្លែងក្លាយដែលអនុញ្ញាតឱ្យអ្នកតំណាងផ្លាស់ប្តូរចំនួនទឹកប្រាក់ពិន័យដែលខុសពីចំនួនទឹកប្រាក់ដើមដែលត្រូវបង់។ លោកបន្តទៀតថា លោក Susanto ត្រូវបានគេចោទប្រកាន់ថាបានរំលោភលើច្បាប់សូកប៉ាន់នៅក្នុងក្រមព្រហ្មទណ្ឌរបស់ឥណ្ឌូនេស៊ី ដែលអាចនាំឱ្យមានការកាត់ទោសជាប់ពន្ធនាគារអតិបរមាបីឆ្នាំ៕