ភ្នំពេញ៖ ចិនជាប្រភពទុនវិនិយោគឈានមុខគេនៅកម្ពុជា ដែលបានបោះទុនវិនិយោគក្នុងចំណោមគម្រោងវិនិយោគ ១៤៦ ដែលបានចុះបញ្ជីនៅកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ ក្នុងនោះប្រភពទុនវិនិយោគចិនមានរហូតដល់ ៤៦,៧៧% នៃទុនវិនិយោគសរុប។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើតាមរបាយការណ៍ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ទាំងការចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន ១៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៨២ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគទាំង ១៤៦នេះ មាន គម្រោងចំនួន ៩៥ ត្រូវបានចុះបញ្ជីដោយ ក.អ.ក. (ក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦០គម្រោង និងក្នុង តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៥គម្រោង) និងគម្រោងចំនួន ៥១ ត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ.។
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជានៅតែអាចទាក់ទាញគម្រោងវិនិយោគធំៗ ដូចជាគម្រោង បង្កើតតំបន់សេដ្ឋកិច្ចពិសេស, គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់, គម្រោងវិនិយោគបង្កើតរោងចក្រផ្លុំដំឡើងរថយន្ត, ផ្គុំដំឡើងម៉ូតូ, និងផលិតសំបកកង់រថយន្ត ដូចមានគូស រំលេចក្នុងចំណុចគម្រោងលេចធ្លោខាងក្រោម។
ប្រភពទុនវិនិយោគសំខាន់ៗមានដូចជា៖ ចិន កម្ពុជា ម៉ាឡេស៊ី សិង្ហបុរី កោះBritish Virgin សហរដ្ឋអាម៉េរិក អេមីតអារ៉ាប់រួម សឺស្ហែល កោះ Samoa សាធារណរដ្ឋកូរ៉េ៕