681 ezgif.com resize
Moneygramott moi1280x163px

រដ្ឋមន្ត្រីការបរទេសថៃ៖ថៃមិនខ្លាចការចរចា«ដោះស្រាយព្រំដែន»ជាមួយកម្ពុជានោះទេ តែសុំពេលរៀបចំរដ្ឋាភិបាលឱ្យស្រួលសិន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow

ថៃ៖រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow នៅថ្ងៃទី ១៧ មេសានេះ បានប្រកាសថា ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាជាមួយកម្ពុជា លើបញ្ហាព្រំដែននៃប្រទេសទាំងពីរ និងថែមទាំងបានប្រកាសមិនខ្លាចការចរចានោះទេ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ខៅសត។

លោក Sihasak Phuangketkeow បានគូសបញ្ជាក់ថា ប្រទេសថៃមិនខ្លាចការចរចា ហើយមានឆន្ទៈក្នុងការចូលរួមជាមួយកម្ពុជាលើបញ្ហាព្រំដែន ប៉ុន្តែបានសង្កត់ធ្ងន់ថា ការពិភាក្សាមិនអាចត្រូវបានកំណត់ពេលដោយឯកតោភាគីដោយកម្ពុជានោះទេ។លោក ថែមទាំងបានរិះគន់មកលើកម្ពុជាថាបានដាក់លិខិតជាច្រើនដង ដើម្បីដាក់សម្ពាធដល់ប្រទេសថៃក្នុងការចរចា។ 

បើតាមប្រមុខការទូតថៃរូបនេះ ថា “វា​មិន​មែន​ជា​បញ្ហា​ដែល​កម្ពុជា​ចង់​ចរចា​ទេ ហើយ​កំណត់​កាល​បរិច្ឆេទ​។ នោះ​មិន​មែន​ជា​របៀប​ដែល​ការ​ចរចា​ធ្វើ​ការ​ទេ វា​ក្លាយ​ជា​សម្ពាធ​បង្ខំ​យើង​ឲ្យ​ចូល​រួម​តុ”។សម្រាប់លោក Sihasak ថៃបានរក្សាយ៉ាងខ្ជាប់ខ្ជួនថា ការពិភាក្សាគួរតែធ្វើឡើងបន្ទាប់ពីការបង្កើតរដ្ឋាភិបាលថ្មី ដើម្បីអនុញ្ញាតឱ្យមានការតែងតាំងក្រុមចរចាត្រឹមត្រូវសមស្របនឹងស្ថានភាពបច្ចុប្បន្ន។ លោក​បាន​កត់​សម្គាល់​ថា​៖ «​មាន​ដំណើរ​ការ​ផ្ទៃ​ក្នុង​ក្នុង​ប្រទេស​ថៃ។ សូម្បី​តែ​មុន​ពេល​រដ្ឋាភិបាល​ត្រូវ​បាន​បង្កើត​ឡើង ពួកគេ​ចង់​បាន​ការ​ចរចា។ យើង​បាន​និយាយ​រួច​ហើយ​ថា​យើង​ត្រូវ​រង់ចាំ»។

គួរបញ្ជាក់ថា ភាគីកម្ពុជា​ តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) បន្ត​ស្នើឲ្យមានកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ជាមួយភាគីថៃ បន្ទាប់ពីថៃបានស្នើលើកពេលកិច្ចប្រជុំ ដែលគ្រោងប្រព្រឹត្តទៅកាលពីថ្ងៃ ២៨ ខែ​ធ្នូ ឆ្នាំ​២០២៥។កិច្ចប្រជុំទាំងនោះ មានបំណងពិភាក្សាដោះស្រាយបញ្ហាមួយចំនួន ដូចជា រឿងដែលយោធាថៃនៅតែបន្តធ្វើសកម្មភាពរំលោភបំពានបូរណភាពទឹកដី និង អធិបតេយ្យកម្ពុជា ដោយការរាយលួសបន្លា ដាក់ទូកុងទឺន័រ ដោតទង់ជាតិថៃ សាងសង់លេណដ្ឋាន ឈូសឆាយ បំផ្លិចបំផ្លាញលំនៅឋាន​ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជា​។

ក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ កាលពីថ្ងៃទី ១១ មេសា សម្តេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ក្តីរំពឹងថា គណៈកម្មការចម្រុះព្រំដែនប្រទេសទាំងពីរអាចចាប់ផ្តើមអនុវត្តការងារវាស់វែងបានឆាប់រហ័ស តាមស្មារតីដែលបានឯកភាពគ្នាក្នុងសេចក្តីប្រកាសរួម (ចំណុចទី៣) នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ(GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ខ្លឹមសារចំណុចទី៣ដែលកំណត់ថា ភាគីទាំងសងខាងឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន៕

Khcct banner

អត្ថបទទាក់ទង