អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ត្រាំ បានប្រកាសបទឈប់បាញ់ជាផ្លូវការរវាងអ៊ីស្រាអែល-លីបង់រយៈពេល១០ថ្ងៃដែលបានចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី បានគូសបញ្ជាក់ទៀតថា កិច្ចប្រជុំបន្ទាប់រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់អាចនឹងធ្វើឡើងនៅចុងសប្តាហ៍ដោយលោកថាអ៊ីរ៉ង់កំពុងតែព្រមទទួលមិនផលិតនុយក្លេអ៊ែររយៈពេល ២០ ឆ្នាំ។ នេះជាការបន្ថែមទៅលើសុទិដ្ឋិនិយមថា សង្គ្រាមអ៊ីរ៉ង់អាចនឹងជិតដល់ទីបញ្ចប់។
យោងតាមសេចក្តីប្រកាសរបស់លោក ដូណាល់ត្រាំ តាមប្រព័ន្ធ Trust Social លោកបានរៀបរាប់ថាលោកទើបតែមានការសន្ទនាដ៏ល្អឥតខ្ចោះជាមួយលោកប្រធានាធិបតីដ៏គួរឱ្យគោរព Joseph Aoun នៃប្រទេសលីបង់ និងនាយករដ្ឋមន្ត្រី Bibi Netanyahu នៃប្រទេសអ៊ីស្រាអែល។ មេដឹកនាំទាំងពីរនេះបានព្រមព្រៀងគ្នាថា ដើម្បីសម្រេចបាននូវសន្តិភាពរវាងប្រទេសរបស់ពួកគេ ពួកគេនឹងចាប់ផ្តើមបទឈប់បាញ់រយៈពេល ១០ ថ្ងៃជាផ្លូវការនៅម៉ោង 5 ល្ងាច (ម៉ោងក្នុងស្រុក)។
បើតាមលោកត្រាំកាលពីថ្ងៃអង្គារ ប្រទេសទាំងពីរបានជួបគ្នាជាលើកដំបូងក្នុងរយៈពេល ៣៤ ឆ្នាំនៅទីនេះ ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ជាមួយរដ្ឋមន្ត្រីការបរទេសដ៏អស្ចារ្យរបស់យើង គឺលោក Marco Rubio។ ខ្ញុំបានដឹកនាំអនុប្រធានាធិបតី JD Vance និងរដ្ឋមន្ត្រីការបរទេស Rubio រួមជាមួយប្រធានអគ្គសេនាធិការចម្រុះ Dan Razin' Caine ឱ្យធ្វើការជាមួយអ៊ីស្រាអែល និងលីបង់ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង។
គួររម្លឹកថាចំនួនអ្នកស្លាប់ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ចាប់តាំងពីដើមខែ មីនា មកបានកើនឡើងដល់ ២.១៩៦ នាក់ ដោយមានអ្នករងរបួស ៧.១៨៥ នាក់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនាៗក្នុងប្រទេសរងការខូចខាតក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារ៕