ប៉េកាំង៖ មេដឹកនាំកំពូលនៃប្រទេសវៀតណាម និង ចិន បានប្រកាសពីឆន្ទៈរួមគ្នាក្នុងការកសាងនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីជាឱកាសអំណោយផលដល់ការវិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងជាពិសេសពង្រឹងវិស័យការពារជាតិនៃប្រទេសទាំងពីរ។ការប្រកាសពីឆន្ទៈនេះ ធ្វើឡើងក្នុងពេលអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម តូ ឡឹម ធ្វើទស្សនកិច្ចនៅចិនជាគោលដៅទីមួយ សម្រាប់លោក ក្រោយក្លាយជាប្រធានាធិបតីវៀតណាម។
ដូចការគ្រោងទុក លោក តូ ឡឹម ដែលទើបតែជាប់ជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និង ជាប្រធានាធិបតីវៀតណាមផង បានទៅកាន់ចិន ចាប់ពីថ្ងៃទី ១៤ ដល់ទី១៧ ខែមេសា និងបានជួបជាមួយមេដឹកនាំចិនជាច្រើននាក់បូករួមទាំងលោក ស៊ី ជិនភីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និង ជាប្រធានាធិបតីចិន។
ក្នុងនាមជាម្ចាស់ផ្ទះ លោកប្រធានាធិបតីចិន ស៊ី ជិនភីង បានទទួលរាក់ទាក់យ៉ាងកក់ក្តៅចំពោះវត្តមាន លោក តូ ឡឹម ក្នុងឱកាសដំបូងបំផុត បន្ទាប់ពីការជាប់ឆ្នោតជាប្រធានាធិបតីនៃប្រទេសវៀតណាម ដែលបង្ហាញពីសារៈសំខាន់ដ៏អស្ចារ្យការអភិវឌ្ឍនៃទំនាក់ទំនង ចិន-វៀតណាម។
បើតាមលោក ស៊ី ចិនតែងតែចាត់ទុកវៀតណាម ជាអាទិភាពក្នុងទំនាក់ទំនងការទូតរបស់អ្នកជិតខាង ត្រៀមខ្លួនធ្វើការជាមួយវៀតណាម ដើម្បីរក្សាស្ថិរភាពក្នុងការប្តេជ្ញាចិត្តបន្តទំនាក់ទំនងមិត្តភាព ពង្រឹងសាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមក សម្រាប់ការរីកចម្រើនប្រកបដោយគុណភាពខ្ពស់នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង ដើម្បីកសាងសហគមន៍ទំនាក់ទំនងចិន-វៀតណាមកម្រិតខ្ពស់នាពេលខាងមុខ។
លោក ស៊ី ជិនភីង បានសង្កត់ធ្ងន់ថា ចិន និងវៀតណាមគួរតែជំរុញឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលកំពុងរីកចម្រើនដូចជា បញ្ញាសិប្បនិម្មិត គ្រឿងអេឡិចត្រូនិក អ៊ីនធឺណិត វិស័យការពារជាតិ ហើយផលិតផលវៀតណាមមានគុណភាពខ្ពស់ ត្រូវបានស្វាគមន៍ក្នុងការនាំចូលទៅក្នុងទីផ្សារចិនកាន់តែច្រើនថែមទៀត។
"វៀតណាម មានឆន្ទៈធ្វើការជាមួយចិន ដើម្បីជំរុញការអភិវឌ្ឍន៍បន្តនៃទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេភាគី និង សហគមន៍ដែលមានអនាគតរួមគ្នា ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ"។នេះជាការឆ្លើយតបរបស់លោក តូ ឡឹម។សម្រាប់មេដឹកនាំវៀតណាមរូបនេះ យល់ថា ទំនាក់ទំនងវៀតណាម-ចិននាពេលនេះ រក្សាបាននូវសន្ទុះវិជ្ជមាននៃការអភិវឌ្ឍន៍ជាមួយនឹងការទំនាក់ទំនងជាយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធ។
បើតាមលោក តូ ឡឹម វៀតណាមនឹងបង្កើនកម្រិតនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ព្រមទាំងទេសចរណ៍ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរប្រជាជន និង កិច្ចសហប្រតិបត្តិការថ្នាក់ក្រោមជាតិ។ជាមួយគ្នានោះ លោកតូ ឡឹម គាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ស្នើឡើងដោយលោក Xi និង មានឆន្ទៈធ្វើការជាមួយប្រទេសចិន ដើម្បីជំរុញការកសាងសហគមន៍មួយដែលមានអនាគតរួមសម្រាប់មនុស្សជាតិ។
គួរបញ្ជាក់ថា ក្នុងទស្សនកិច្ចនោះ លោក ស៊ី និង លោក តូ ឡឹម បានធ្វើជាអធិបតីរួមគ្នាក្នុងពិធីចុះហត្ថលេខាលើឯកសារជាច្រើនដោយផ្តោតឡើង សន្តិសុខសាធារណៈ យុត្តិធម៌ សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងសង្វាក់ផ្គត់ផ្គង់ កិច្ចសហប្រតិបត្តិការគយ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអភិវឌ្ឍន៍ធនធានមនុស្ស ប្រព័ន្ធផ្សព្វផ្សាយ និង កិច្ចសហប្រតិបត្តិការថ្នាក់ក្រោមជាតិ៕