681 ezgif.com resize
Swift cc time

សមាជិក NATO បដិសេធមិនចូលរួមបិទច្រកសមុទ្រ Hormuz ជាមួយលោក ត្រាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉ារីស៖ នាថ្ងៃច័ន្ទម្សិលមិញនេះ បណ្តាប្រទេសសម្ព័ន្ធមិត្ត NATO បានប្រកាសជំហររួមគ្នាមួយដោយមិនចូលរួមក្នុងផែនការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់របស់ប្រធានាធិបតីអាម៉េរិកលោក Donald Trump ឡើយ។ ការសម្រេចចិត្តនេះបានធ្វើឱ្យសម្ពន្ធភាពយោធាដ៏មានឥទ្ធិពលបំផុតមួយនេះ ប្រឈមនឹងភាពរកាំរកូសកាន់តែខ្លាំង ខណៈលោក Trump បានព្រមានដកកងទ័ពអាម៉េរិកចេញពីអឺរ៉ុប ប្រសិនបើសម្ព័ន្ធមិត្តមិនផ្ដល់កិច្ចសហការ។

ថ្លែងប្រាប់កាសែត BBC នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបញ្ជាក់ថា៖ «ទោះបីជាមានសម្ពាធយ៉ាងណាក៏ដោយ ក៏យើងមិនបណ្តោយខ្លួនឱ្យធ្លាក់ចូលក្នុងសង្រ្គាមនេះដែរ»។ លោកបានបន្ថែមថា អង់គ្លេសនឹងចូលអន្តរាគមន៍ លុះត្រាតែសង្រ្គាមត្រូវបានបញ្ចប់ និងមានកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងតែប៉ុណ្ណោះ។

ជាការឆ្លើយតបទៅនឹងវិបត្តិនៅច្រកសមុទ្រ Hormuz ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសរៀបចំសន្និសីទអន្តរជាតិមួយ ដើម្បីបង្កើតបេសកកម្មពហុជាតិសាសន៍ក្នុងការការពារសេរីភាពនាវាចរណ៍។ បេសកកម្មនេះមានលក្ខណៈ «ការពារទាំងស្រុង» និងដាច់ដោយឡែកពីភាគីជម្លោះអាម៉េរិក និងអ៊ីរ៉ង់ ដើម្បីសម្របសម្រួលនាវាយោធាឱ្យជួយការពារនាវាដឹកប្រេង។

ការបដិសេធរបស់អឺរ៉ុបបានកើតឡើង បន្ទាប់ពីប្រទេសមួយចំនួនបានហាមឃាត់មិនឱ្យយន្តហោះយោធាអាម៉េរិកប្រើប្រាស់ដែនអាកាសរបស់ពួកគេដើម្បីវាយប្រហារអ៊ីរ៉ង់។ ស្របពេលជាមួយគ្នានេះ គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើលោក ត្រាំ នឹងស្វាគមន៍គំនិតផ្តួចផ្តើមរបស់អឺរ៉ុបដែរឬទេ ខណៈដែលលោកកំពុងប្រើប្រាស់ការបិទខ្ទប់ច្រកសមុទ្រជា «សន្លឹកបៀរ» ដើម្បីដាក់សម្ពាធលើទីក្រុងតេអេរ៉ង់។

យោងតាមប្រភពការទូត កិច្ចប្រជុំដើម្បីរៀបចំផែនការបេសកកម្មពហុជាតិសាសន៍នេះ ដែលមានការចូលរួមពីប្រទេសប្រមាណ ៣០ (រួមទាំងឥណ្ឌា និងបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រ) អាចនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ក្នុងទីក្រុងប៉ារីស ឬទីក្រុងឡុងដ៍៕

Khcct banner

អត្ថបទទាក់ទង