681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងវប្បធម៌កម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ថៃលើតំបន់បេតិកភណ្ឌវប្បធម៌ខ្មែរ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នៅថ្ងៃទី ១៣ មេសាម្សិលមិញ បានប្រកាសពីតវ៉ាយ៉ាងមុតមាំ ចំពោះការកាន់កាប់ដោយខុសច្បាប់ និង ដោយប្រើកងកម្លាំងប្រដាប់អាវុធរបស់ថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងតំបន់ពាក់ព័ន្ធផ្សេងៗទៀត ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។

ក្រសួង សូមសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់អាជ្ញាធរថៃ និង សកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ និងការដំឡើងរូបសំណាកជាបន្តបន្ទាប់ ដែលបង្កើតជាស្ថានភាពជាក់ស្តែងលើដី (faits accomplis) និងជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ការរៀបចំដំណើរទស្សនកិច្ចជាសាធារណៈ និងសកម្មភាពផ្សេងៗនៅតំបន់ទាំងនេះ ក៏បានបង្ហាញពីការប្រើប្រាស់អំណាច និងការគ្រប់គ្រងដោយខុសច្បាប់លើដែនដីកម្ពុជាផងដែរ។

សកម្មភាពទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៧ ដែលគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀមបានកំណត់ផែនទីព្រំដែន ដោយយោងតាមឯកសារទាំងអស់ពាក់ព័ន្ធនឹងការអនុវត្តសន្ធិសញ្ញា ឆ្នាំ១៩០៧ អនុស្សរណៈយោគយល់ ឆ្នាំ២០០០ លក្ខខណ្ឌយោង ឆ្នាំ២០០៣ ធម្មនុញ្ញអង្គការសហប្រជាជាតិ អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ។

ក្រសួងអំពាវនាវយ៉ាងម៉ឺងម៉ាត់ដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ ព្រមទាំងដកចេញទាំងស្រុងនូវកងកម្លាំងប្រដាប់អាវុធ ភ្នាក់ងារ និងឧបករណ៍ទាំងអស់ ហើយគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា៕

Khcct banner

អត្ថបទទាក់ទង