ព្រះសីហនុ៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី១០ មេសា បានបញ្ចប់ការសាងសង់ខ្សែបណ្តាញអគ្គិសនី ៣៥គីឡូវ៉ុល ភ្ជាប់ពីឆ្នេរកោះរ៉ុង ទៅកាន់ កោះរ៉ុងសន្លឹម ដើម្បីផ្គត់ផ្គង់អគ្គិសនីដល់ហេដ្ឋារចនាសម្ព័ន្ធ និងប្រជាពលរដ្ឋរស់នៅលើកោះរ៉ុងសន្លឹម រួចរាល់ជាស្ថាពរ។
យោងតាមអគ្គិសនីកម្ពុជា បានឱ្យដឹងថា ខ្សែបណ្តាញអគ្គិសនី ៣៥ គីឡូវ៉ុល ភ្ជាប់ពីឆ្នេរកោះរ៉ុង ទៅកាន់ កោះរ៉ុងសន្លឹម ដើម្បីផ្គត់ផ្គង់អគ្គិសនីដល់ហេដ្ឋារចនាសម្ព័ន្ធ និងប្រជាពលរដ្ឋរស់នៅលើកោះរ៉ុងសន្លឹម បានបញ្ចប់ការ សាងសង់រួចរាល់ជាស្ថាពរ។ ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ អគ្គិសនីកម្ពុជា បានធ្វើការបញ្ជូនថាមពលអគ្គិសនីតាមរយៈខ្សែបណ្តាញអគ្គិសនីនេះ ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនី ជូនប្រជាពលរដ្ឋដែលរស់នៅលើ កោះរ៉ុងសន្លឹមប្រើប្រាស់។
ជាមួយគ្នានេះ អគ្គិសនីកម្ពុជា ក៏បានអំពាវនាវដល់ប្រជានេសាទ និងសាធារណៈជន ដែលធ្វើដំណើរឆ្លងកាត់តំបន់ខ្សែបណ្តាញបញ្ជូនរង ចាប់ពីឆ្នេរកោះរ៉ុង ទៅកាន់កោះរ៉ុងសន្លឹម ឱ្យមានការប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសការប៉ះពាល់ទៅលើខ្សែបណ្តាញអគ្គិសនីទាំងប្រភេទអាកាស កប់ដី និងខ្សែក្រោមបាតសមុទ្រ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ៕