ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ការសាងសង់ព្រែកជីកហ្វូណនតេជោ ជាផ្លូវទឹកប្រវត្តិសាស្រ្តដែលយកលំនាំផ្លូវពាណិជ្ជកម្មតាមដូនតាជំនាន់មុន ដែលនឹងធ្វើឲ្យខ្មែរកាន់តែរឹងមាំ និងមានភាពម្ចាស់ការលើគ្រប់វិស័យ។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងឱកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដំណាក់កាលទី២ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ នៅខេត្តតាកែវ។
នាឱកាសនេះ សម្ដេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការកសាងឱ្យបាននូវបណ្តាញផ្លូវទឹកប្រវត្តិសាស្ត្រ ហើយព្រែកជីកហ្វូណនតេជោ មិនមែនគ្រាន់តែបញ្ជាក់ពីការអភិវឌ្ឍនាពេលបច្ចុប្បន្ន និងអនាគតនោះទេ ប៉ុន្តែក៏ជាការបង្ហាញពីពីការយកលំនាំផ្លូវសេដ្ឋកិច្ច ពាណិជ្ជកម្ម តាមដូនតាជំនាន់មុន។
បើតាមប្រសាសន៍សម្ដេច ការផ្ដល់នូវសារៈសំខាន់មិនថាផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស ដែលជាគោលដៅមួយ ជាអាទិភាពមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយច្រើនអាណត្តិមកនេះ រាជរដ្ឋាភិបាលមានចក្ខុវិស័យនៅក្នុងការបង្កើននូវសមត្ថភាព ឯករាជ្យភាព ក៏ដូចជាភាពម្ចាស់ការនៅក្នុងការបង្កើនកម្លាំងសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានផ្តួចផ្តើមដោយសម្តេច ហ៊ុន សែន ហើយបន្តអនុវត្តដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពជា ដោយមានទុនវិនិយោគភាគច្រើនជារបស់ខ្មែរ និងមួយផ្នែកទៀតមកពីក្រុមហ៊ុនវិនិយោគចិន CRBC។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រតភ្ជាប់ផ្លូវទឹករវាងទន្លេមេគង្គ និងសមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ដែលមានប្រវែងជិត ១៨០គីឡូម៉ែត្រ គ្រោងចំណាយថវិកា ១,៧០០ លានដុល្លារអាម៉េរិក ប្រើពេលសាងសង់៤ឆ្នាំ និងបញ្ចប់នៅឆ្នាំ២០២៨ខាងមុខ។ តាមការសិក្សាគម្រោងនេះនឹងកាត់បន្ថយរយៈចម្ងាយ និងតម្លៃដឹកជញ្ជូន បង្កើតតំបន់ពាណិជ្ជកម្ម អភិវឌ្ឍផែរណប ពង្រីកតំបន់កសិកម្ម និងបង្កើតការងារបន្ថែមទៀតដល់ពលរដ្ឋក្នុងតំបន់៕