ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានតែងតាំងក្រុមហ៊ុនសវនកម្ម រីចឆ៍ & ផាតនើរ ជាក្រុមហ៊ុនជម្រះបញ្ជីរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក ក្រោយគ្រឹះស្ថានមួយនេះពុំបានអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា ហើយត្រូវបានធនាគារជាតិដកហូតអាជ្ញាបណ្ណពីគ្រឹះស្ថាននេះ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា។
បើតាមសេចក្ដីប្រកាស គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក បានទទួលអាជ្ញាបណ្ណកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ដើម្បីធ្វើប្រតិបត្តិការទូទាត់សងប្រាក់។ ជាមួយគ្នានោះ ធនាគារជាតិនៃកម្ពុជា បានពិនិត្យឃើញថា គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក ពុំបានអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា និងបានសម្រេច ដកហូតអាជ្ញាបណ្ណពីគ្រឹះស្ថាននេះ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយទុករយៈពេល ១៥ ថ្ងៃ ដើម្បីឱ្យ គ្រឹះស្ថានស្វែងរកក្រុមហ៊ុនជម្រះបញ្ជី។
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា បានតែងតាំង ក្រុមហ៊ុនសវនកម្ម រីចត៍ & ផាតនើរ ជាក្រុមហ៊ុនជម្រះបញ្ជីរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផ សឺវីស ម.ក។ តាមរយៈការអនុវត្តនីតិវិធីជម្រះបញ្ជី ក្រុមហ៊ុនសវនកម្ម រីចឆ៍ & ផាតនើរ នឹងប្រកាសជូនដំណឹង ជាសាធារណៈ យ៉ាងយូរបំផុតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ ដើម្បីអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណ និងបញ្ជាក់ពីភាពជាម្ចាស់បំណុលស្របច្បាប់។
គួរបញ្ជាក់ថា គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក ពុំមែនជាធនាគារ និង មិនមានសិទ្ធិទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាននោះទេ។ ធនាគារជាតិនៃកម្ពុជា ក៏បានបញ្ជាក់ថា នឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នលើការអនុវត្តការជម្រះបញ្ជីដើម្បីការពារផលប្រយោជន៍អតិថិជន៕