ភ្នំពេញ៖ ចិនផ្តល់ជំនួយបរិក្ខារបៃតងកាត់បន្ថយការបញ្ចេញកាបូន(Green low-carbon equipment) ដែលជាជំនួយរបស់ក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃចិនជូនចំពោះក្រសួងបរិស្ថាននៃកម្ពុជានាថ្ងៃទី២១ ខែធ្នូ។ អំណោយដែលផ្តល់ជូននាលើកនេះរួមមាន អំពូលសូឡាបំភ្លីផ្លូវចំនួន២៨០០ដើម សូឡាPVចំនួន២០០គ្រឿង និងម៉ូតូអាគុយចំនួន២០០គ្រឿង។ សម្ភារៈទាំងនេះជាផ្នែកមួយនៃគម្រោងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាក្នុងកិច្ចកាត់បន្ថយការបញ្ចេញកាបូន។
ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនមានប្រសាសន៍ថា ភាគីចិនតែងយកចិត្តទុកដាក់និងគាំទ្រជាមួយកិច្ចការពារបរិស្ថានក្នុងប្រទេសកម្ពុជា ហើយអនុស្សរណៈយោគយល់នៃកិច្ចសហប្រតិបត្តិការដែលត្រូវបានចុះហត្ថលេខារួមគ្នាដោយក្រសួងបរិស្ថាននៃប្រទេសទាំងពីរបានរួមចំណែកក្នុងការចង្អុលបង្ហាញយ៉ាងរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ។
ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនបានបន្តថា អំពូលសូឡាបំភ្លីផ្លូវ ប្រព័ន្ធផលិតថាមពលអគ្គិសនី ម៉ូតូអាគុយ និងសម្ភារបច្ចេកវិទ្យាជឿនលឿននិងសន្សំសំចៃថាមពលផ្សេងទៀតដែលជាអំណោយរបស់ភាគីចិនលើកនេះ ជឿជាក់ថានឹងអាចរួមចំណែកដល់កិច្ចការពារបរិស្ថានក្នុងប្រទេសកម្ពុជា និងក្លាយជាចំណុចចាប់ផ្តើមថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការការពារបរិស្ថាននៃប្រទេសទាំងពីរ។
ចំណែកឯ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានមានប្រសាសន៍ថា ប្រទេសចិនខិតខំពុះពារជាមួយផលប៉ះពាល់នៃជំងឺវីរុសកូវីដ-១៩ នៅតែបន្តផ្តល់ជំនួយជាបរិក្ខារកាត់បន្ថយការបញ្ចេញកាបូននេះដល់ភាគីកម្ពុជាដូចក្នុងកិច្ចព្រមព្រៀង ភាគីកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត។ ភាគីកម្ពុជានឹងប្រើប្រាស់សម្ភារបរិក្ខារទាំងនេះដែលផ្តល់ដោយភាគីចិនឱ្យបានពេញលេញល្អ ដើម្បីចូលរួមកែលម្អលក្ខខណ្ឌផលិតកម្មនិងជីវភាពរស់នៅក្នុងខេត្តព្រះសីហនុក៏ដូចជាកន្លែងផ្សេងទៀតជាដើម ខិតខំលើកកម្ពស់ការយល់ដឹងស្តីអំពីបរិស្ថានជូនដល់ប្រជាជនកម្ពុជា៕