Img 1426
Swift cc time

កម្ពុជា និងសិង្ហបុរី ចុះMoUលើកិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខស្បៀង ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

សិង្ហបុរី៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងបរិស្ថាន និងចីរភាព និងទំនាក់ទំនងពាណិជ្ជកម្ម នៃសាធារណរដ្ឋសិង្ហបុរី បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ស្តីពីសន្តិសុខស្បៀង ដែលជាជំហានដ៏សំខាន់មួយទៀត ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ការចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី រវាងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃកម្ពុជា ជាមួយលោកស្រី Grace Fu រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងចីរភាព និងជារដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងពាណិជ្ជកម្ម នៃសាធារណរដ្ឋសិង្ហបុរី។

បើតាមក្រសួងពាណិជ្ជកម្ម អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធានាស្ថិរភាព តម្លាភាព និងប្រសិទ្ធភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀង ដែលនឹងបើកផ្លូវឱ្យការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរីមានការកើនឡើង ព្រមទាំងចូលរួមគាំទ្រយុទ្ធសាស្ត្ររក្សាស្ថិរភាពប្រភពស្បៀងអាហាររបស់សិង្ហបុរី ក៏ដូចជាការបង្កើតឱកាសនៃការចាប់យកទីផ្សារថ្មី ប្រកបដោយចីរភាពសម្រាប់វិស័យកសិកម្មនៅកម្ពុជាផងដែរ។

អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ ក៏បានបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងនាមជាប្រទេសនាំចេញអង្ករប្រកបដោយសក្តានុពល តាមរយៈសមត្ថភាពដ៏រឹងមាំក្នុងការផលិត ការប្រកួតប្រជែង និងផ្គត់ផ្គង់ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងការធានាសន្តិសុខស្បៀងក្នុងតំបន់ និងសកល។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម៕


Khcct banner

អត្ថបទទាក់ទង