ភ្នំពេញ៖ គិតត្រឹមម៉ោង៧ព្រឹកនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ ឱ្យជាសះស្បើយចំនួន០២នាក់បន្ថែមទៀត ដែលម្នាក់ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងម្នាក់ទៀត ជាអ្នកមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទេ តែជាអ្នកដំណើរពីប្រទេសចិនមកកម្ពុជាតាមជើងហោះហើរ និងគ្មានករណីឆ្លងថ្មីឡើយ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា។
សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ចំណោមអ្នកជាសះស្បើយពីកូវីដទាំងពីរនាក់នោះ មានម្នាក់ជាស្រ្តីជនជាតិខ្មែរដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា អាយុ ៣២ឆ្នាំ ស្នាក់នៅបុរី លឹម ឈាងហាក់ សង្កាត់វាលស្បូវខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកបុរសជនជាតិខ្មែរម្នាក់ អាយុ៧៥ឆ្នាំ ជាករណីជាសះស្បើយជាអ្នកដំណើរមកពីចិនតាមជើងហោះហើរចូលប្រទេសកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។ ហើយលទ្ធផលធ្វើតេស្តចំនួនលើកទី២ ឃើញអវិជ្ជមានកូវីដ១៩ ទើបអ្នកជាសះស្បើយទាំងពីរនាក់ខាងលើ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៦៣នាក់ ក្នុងនោះមានចំនួនអ្នកឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤១នាក់ អ្នកព្យាបាលជាសះស្បើយចំនួន ៣៤៧នាក់។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ១៦នាក់(ស្រី០៩នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ១១នាក់(ស្រី ០៦នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០២នាក់ (ស្រី០១នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០៣នាក់ (ស្រី០២នាក់)៕

