Img 1426
Swift cc time

កម្ពុជា-សាធារណរដ្ឋឆែក សហការគ្នាជំរុញនិងអភិវឌ្ឍវិស័យទេសចរណ៍រវាងប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ កម្ពុជា និងសាធារណរដ្ឋឆែក សហការរួមគ្នាជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងអភិវឌ្ឍវិស័យទេសចរណ៍រវាងប្រទេសទំាងពីរឱ្យកាន់តែសកម្ម ជាពិសេសរួមគ្នាបង្កើនចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើងជាលំដាប់។ ការប្ដេជ្ញាបន្តកិច្ចសហការនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោកស្រី Markéta Kolc Hájková ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។

នាឱកាសនេះ លោកស្រីឯកអគ្គរដ្ឋទូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ពីការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសក្នុងវិស័យទេសចរណ៍ដែលលោកស្រីបានឃើញផ្ទាល់ជាក់ស្តែងរវាងការធ្វើដំណើរមកទស្សនាកម្ពុជាជាលើកដំបូងកាលពី១៥ឆ្នាំមុន និងស្ថានភាពទេសចរណ៍នាពេលបច្ចុប្បន្ននេះដែលទទួលការកើនឡើងគួរឱ្យកត់សម្គាល់ដែលកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អ សុខសុវត្ថិភាពដល់ភ្ញៀវទេសចរដែលធានាបានដោយរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោក ហួត ហាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនឆែកដែលតែងតែជួយឧបត្តម្ភគាំទ្រប្រទេសកម្ពុជាលើគ្រប់វិស័យ ដើម្បីស្ថាបនាប្រទេសឡើងវិញពីបាតដៃទទេ បន្ទាប់ពីរបបប្រល័យពូជសាសន៍ខែ្មរក្រហមបានដួលរលំចាប់តាំងពីឆ្នាំ១៩៨១ រហូតមក។ ទន្ទឹមនឹងនេះ លោកក៏បានគូសបញ្ជាក់ពីកំណើនភ្ញៀវទេសចរឆែកមកទស្សនាកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ។

ភាគីទាំងពីរ បានឯកភាពចាត់ទុកវិស័យទេសចរណ៍ជាភារកិច្ចរួមគ្នាដែលត្រូវសហការចូលរួមជំរុញការអភិវឌ្ឍវិស័យនេះឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតតាមរយៈសកម្មភាពជាក់ស្តែងរួមគ្នា កិច្ចសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍រួមគ្នា ដើម្បីបង្កើនចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើងជាលំដាប់៕


Khcct banner

អត្ថបទទាក់ទង