ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងនាមជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន បានអញ្ជើញជួបពិភាក្សាជាមួយលោកស្រី ឆេង លីវុន (Cheng Li-wun) ប្រធានគណបក្សគួមីនតាំង (KMT) ដែលជាបក្សប្រឆាំងធំបំផុតរបស់កោះតៃវ៉ាន់ នៅទីក្រុងប៉េកាំង នាព្រឹកថ្ងៃទី១០ ខែមេសានេះ។ នេះគឺជាជំនួបលើកដំបូងបំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍ (គិតចាប់តាំងពីឆ្នាំ២០១៦) រវាងមេដឹកនាំកំពូលចិន និងមេដឹកនាំបក្ស KMT ខណៈដែលទីក្រុងប៉េកាំងកំពុងស្វែងរកការបង្កើនឥទ្ធិពលរបស់ខ្លួន បើទោះបីជាទំនាក់ទំនងជាមួយរដ្ឋាភិបាលតៃវ៉ាន់បច្ចុប្បន្ន (បក្ស DPP) កំពុងស្ថិតក្នុងភាពតានតឹងខ្លាំងក៏ដោយ។នេះបើតាមកាសែតThe Strait Times។
ក្នុងដំណើរទស្សនកិច្ចដ៏កម្រនេះ លោកស្រី ឆេង លីវុន បានលើកឡើងពីយុទ្ធសាស្ត្រ «ការទប់ស្កាត់តាមរយៈកិច្ចសន្ទនា» ដោយអះអាងថា ជម្លោះរវាងតៃវ៉ាន់ និងចិន មិនមែនជារឿងដែលជៀសមិនរួចនោះទេ។ លោកស្រីបានបញ្ជាក់ថា បក្ស KMT នឹងជំរុញឱ្យមានការផ្លាស់ប្តូរទូលំទូលាយឡើងវិញ ទាំងផ្នែកទេសចរណ៍ និងនយោបាយ ប្រសិនបើបក្សនេះឈ្នះឆ្នោតនៅឆ្នាំ២០២៨។
ទោះជាយ៉ាងណាក៏ដោយ ជំនួបនេះបានរងការរិះគន់ពីសំណាក់បក្សកាន់អំណាច DPP ដែលអះអាងថា គ្មានក្រុមនយោបាយណាមួយមានសិទ្ធិចរចាជាមួយប៉េកាំងដោយគ្មានការអនុញ្ញាតជាផ្លូវការនោះទេ។
អ្នកវិភាគមើលឃើញថា ភាពជោគជ័យនៃជំនួបនេះ អាចនឹងផ្តល់ប្រៀបខ្លាំងដល់លោក ស៊ី ជិនពីង មុនពេលឈានដល់ជំនួបកំពូលជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នាខែឧសភាខាងមុខ ដើម្បីបង្ហាញថា ផ្នែកខ្លះនៃតៃវ៉ាន់នៅតែគាំទ្រទំនាក់ទំនងជិតស្និទ្ធជាមួយចិន។
មន្ត្រីតៃវ៉ាន់បានព្រមានថា ចិនអាចប្រើប្រាស់ជំនួបនេះដើម្បីជះឥទ្ធិពលលើវិស័យការពារជាតិរបស់តៃវ៉ាន់ ជាពិសេសបន្ទាប់ពីបក្ស KMT បានផ្អាកកញ្ចប់ថវិកាការពារជាតិពិសេសចំនួន ៤០ពាន់លានដុល្លារ ដែលស្នើឡើងដោយប្រធានាធិបតី ឡៃ ឈីងតេ (Lai Ching-te) សម្រាប់ទិញអាវុធពីសហរដ្ឋអាម៉េរិក។