វៀតណាម៖ ក្រសួងការបរទេសវៀតណាមបានប្រកាសកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថាលោក តូ ឡឹម (Tô Lâm) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម រួមជាមួយភរិយា និងគណៈប្រតិភូជាន់ខ្ពស់ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ខាងមុខនេះ។ តបតាមការអញ្ជើញរបស់លោក ស៊ី ជិនពីង អគ្គលេខាធិការបក្ស និងជាប្រធានាធិបតីចិន ព្រមទាំងភរិយារបស់លោកស៊ី។
តាមសេចក្ដីរាយការណ៍របស់ Vietnam News ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីលោក តូ ឡឹម ត្រូវបានសភាជាតិបោះឆ្នោតជ្រើសតាំងឱ្យកាន់តំណែងជាអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋទន្ទឹមគ្នានេះ។
កាលពីសប្តាហ៍មុន លោក ស៊ី ជិនពីង ក៏បានផ្ញើសារអបអរសាទរ និងបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ សំដៅនាំមកនូវផលប្រយោជន៍ដល់ប្រជាជនទាំងសងខាង ក៏ដូចជារួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងសកលលោកផងដែរ។
គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងវៀតណាម និងចិន ត្រូវបានគេសង្កេតឃើញថាមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងអំឡុងពេលដែលពិភពលោកកំពុងជួបប្រទះនឹងវិបត្តិសកល។ ទន្ទឹមនឹងនេះ តួនាទីរបស់ទីក្រុងប៉េកាំងក៏ត្រូវបានគេមើលឃើញថាមានសារៈសំខាន់ខ្លាំង ក្នុងការបង្កើនឥទ្ធិពលរបស់ខ្លួនជាប៉ូលមហាអំណាចដ៏ចម្បងមួយក្នុងឆាកអន្តរជាតិ៕