Img 1426
Swift cc time

កម្ពុជា-អង់គ្លេស ប្តេជ្ញាបន្តអភិវឌ្ឍរួមគ្នាលើវិស័យជាច្រើន ជាពិសេសវិស័យពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍបៃតងនិងថាមពលកកើតឡើងវិញ និងសកម្មភាពបោសសម្អាតមីន

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ក្នុងដំណើរបេសកកម្មនៅប្រទេសអង់គ្លេស លោក ហ៊ុន ម៉ានី បានជួបពិភាក្សាការងារជាមួយលោកស្រី Seema Malhotra អនុរដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស ទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយបានពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស ដែលមានរយៈពេល៧៣ឆ្នាំ ដែលប្រទេសទាំងពីរបាននិងកំពុងបន្តអភិវឌ្ឍរួមគ្នាលើវិស័យនានាជាច្រើន ជាពិសេសវិស័យពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍបៃតងនិងថាមពលកកើតឡើងវិញ និងសកម្មភាពបោសសម្អាតមីន។

យោងតាមខ្លឹមសាររបស់លោក ហ៊ុន ម៉ានី ក្នុងបណ្តាញសង្គមបានបញ្ជាក់ថា ជំនួបនេះពិតជាមានសារៈសំខាន់ ដោយភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរមតិយោបល់គ្នា ស្វែងរកចំណុចរួមជាច្រើន ក្នុងការបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការកត់សម្គាល់លើការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងការវិនិយោគដោយផ្ទាល់របស់អង់គ្លេសនៅកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

ភាគីទាំងពីរក៏បានលើកឡើងអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់ពីការគាំទ្រនិងការចូលរួមចំណែកដ៏សំខាន់របស់ចក្រភពអង់គ្លេស ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥៕

Khcct banner

អត្ថបទទាក់ទង