បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី៨ មេសា បានបញ្ជាក់ឮនឹងរៀបចំបែបបទ និងនីតិវិធីទៅតាមការចុះឈ្មោះ ដើម្បីផ្តល់ជូនផ្ទះបណ្តោះអាសន្នដល់ពលរដ្ឋដែលមានដី និងផ្ទះសម្បែងដែលមិនអាចចូលទៅរស់នៅបានដោយសារយោធាថៃហ៊ុំព័ទ្ធបន្លាលួស ដាក់ទូកុង តឺន័រក្នុងភូមិសាស្ត្រភូមិជោគជ័យ ភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុក-អូរជ្រៅ និងភូមិសាមគ្គី ភូមិត្រពាំងសំរោង ភូមិផ្លូវបំបែក និងភូមិបន្ទាយមានឬទ្ធិ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ការធានានេះ ធ្វើឡើងក្រោយពីមានពលរដ្ឋភៀសសឹកមួយចំនួនដែលបានចុះឈ្មោះ ក្រោយជាបន្តបន្ទាប់ ហើយពុំទាន់ទទួលបានផ្ទះ និងដីឡូត៍មានការព្រួយបារម្ភខ្លាចអត់ទទួលបានផ្ទះ និង ដីឡូត៍។
រដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំដីធ្លីជាគម្រោងរបស់សមាគមអតីតយុទ្ធជន ដើម្បីសាងសង់ផ្ទះសម្រាប់ផ្តល់ជូនបងប្អូនដែលមានលំនៅឋានអចិន្ត្រៃយ៍ក្នុងតំបន់ហ៊ុំព័ទ្ធបានរស់នៅជាបណ្តោះអាសន្ន ដែលមានទីតាំងនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លើផ្ទៃដីទំហំ៤០០ ហិកតា និងមានហេដ្ឋារចនាសម្ព័ន្ធនានាគ្រប់គ្រាន់ ហើយបច្ចុប្បន្ន ក្រុមការងារបាននិងកំពុងដំណើរការ សាងសង់ផ្ទះបានមួយចំនួន និងផ្តល់ជូនសម្រាប់បងប្អូនភៀសសឹក ដែលមានលំនៅឋានអចិន្ត្រៃយ៍ក្នុង តំបន់ហ៊ុំព័ទ្ធចូលទៅរស់នៅជាបណ្តោះអាសន្ន ទៅតាមជំហានៗ តាមរយៈនៃការចាប់ឆ្នោតយកលេខ ក្បាលដីឡូត៍។
ថ្មីៗនេះក្រុមការងាររៀបចំដីឡូត៍បានរៀបចំកម្មវិធីចាប់ឆ្នោតយកផ្ទះ និងដីឡូត៍ជូនជនភៀសសឹក ដើម្បីចូលទៅរស់នៅបណ្តោះអាសន្ន ប៉ុន្តែនៅមានបងប្អូនជនភៀសសឹកមួយចំនួនដែលបានចុះឈ្មោះ ក្រោយជាបន្តបន្ទាប់ ហើយពុំទាន់ទទួលបានផ្ទះ និងដីឡូត៍មានការព្រួយបារម្ភខ្លាចអត់ទទួលបានផ្ទះ និង ដីឡូត៍។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការដោះស្រាយជូនបងប្អូនជនភៀសសឹកដែលមានដី និងផ្ទះសម្បែងដែលមិនអាចចូលទៅរស់នៅបានដោយសារយោធាថៃហ៊ុំព័ទ្ធបន្លាលួស ដាក់ទូកុង តឺន័រក្នុងភូមិសាស្ត្រភូមិខាងលើ ហើយការរៀបចំស្របតាមបែបបទ និងនីតិវិធីទៅតាមការចុះឈ្មោះរបស់ បងប្អូនជនភៀសសឹក៕