ថៃ៖ ប៉ូលីសថៃបានឆ្មក់ចូលរោងចក្រផលិតទឹកដូងក្លែងក្លាយចំនួនពីរកន្លែងកាលពីថ្ងៃទី ៧ ខែ មេសា កន្លងទៅនេះនៅក្នុងខេត្តសាមុតសង្រ្កាមបន្ទាប់ពីបានរកឃើញថាកន្លែងទាំងពីរបានផលិតទឹកដូងក្លែងក្លាយពីទឹក និងសារធាតុបន្ថែមរសជាតិ ដែលបង្កឱ្យប៉ះពាល់ដល់សុខភាពកសិករក្នុងស្រុក អ្នកប្រើប្រាស់ និងកេរ្តិ៍ឈ្មោះផលិតផលដូងថៃខូចឈ្មោះទាំងស្រុង។ កាសែត The Thaiger បានរាយការណ៍ថាសកម្មភាពបង្ក្រាបនេះ បានធ្វើឡើងបន្ទាប់ពីកសិករដាំដូងក្នុងស្រុក បានស្នើសុំឱ្យរដ្ឋាភិបាលថៃ ចាត់វិធានការជាបន្ទាន់ ក្រោយពេលដែលតម្លៃដូងធ្លាក់ចុះយ៉ាងគំហុក និងការនាំចេញទៅកាន់ទីផ្សារប្រទេសចិនមានការថយចុះ។
កាសែតថៃ The Thaiger បានដកស្រង់សំដីរបស់កសិករបានចោទប្រកាន់ថា បញ្ហានេះកើតឡើងដោយសារមានជនជាតិចិនមួយចំនួន បានចូលមកវិនិយោគលើចម្ការដូងដោយខុសច្បាប់ក្នុងខេត្ត សាមុតសាខន, សាមុតសង្រ្កាម និង រ៉ាចាបុរី រហូតមានឥទ្ធិពលអាចកំណត់តម្លៃទីផ្សារ និងបានផលិតទឹកដូងសិប្បនិម្មិតដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ ព្រមទាំងកិត្តិនាមផលិតផលដូងធម្មជាតិរបស់ថៃ។
អភិបាលខេត្ត សាមុតសង្រ្កាម បានថ្លែងថា តាមការចុះពិនិត្យជាក់ស្តែង ទីតាំងទាំងពីរនេះពិតជាបានផលិតទឹកដូងដែលមិនមានស្តង់ដារ GMP ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងបញ្ជូនសំណាកទៅធ្វើតេស្តរកសារធាតុគ្រោះថ្នាក់ ដើម្បីឈានទៅរកការផ្ដន្ទាទោសម្ចាស់រោងចក្រតាមច្បាប់។បន្ថែមពីនេះ អាជ្ញាធរខេត្តក៏បានប្ដេជ្ញាសហការជាមួយរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ដើម្បីរឹតបន្តឹងស្តង់ដារត្រួតពិនិត្យ និងការពារសុខភាពសាធារណៈ។
គួររំលឹកផងដែរថា បញ្ហាផលិតផលក្លែងក្លាយនេះ ក៏ធ្លាប់បានកើតឡើងកាលពីឆ្នាំមុនទៅលើម៉ាកទឹកដូងល្បីឈ្មោះ "IF" របស់ថៃ ដែលត្រូវបានគេយកទៅបន្លំរូបរាងលក់នៅលើទីផ្សារអនឡាញក្នុងប្រទេសចិន ដែលបង្កឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះផលិតផលពិតប្រាកដរបស់ថៃ៕