(ប៉ារីស,បារាំង)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានសម្តែងនូវសេចក្តីរីករាយក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា នាខែវិច្ឆិកាខាងមុខនេះ ដែលជាពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។ ការថ្លែងរបស់លោកប្រធានាធិបតីនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានអេលីហ្សេ ទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី០៨ ខែមេសា។
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមរយៈអង្គការហ្វ្រង់កូហ្វូនី (Francophonie) យើងក៏កំពុងបន្តដំណើរជាមួយគ្នាផងដែរ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅ Villers-Cotterêts ក្នុងឆ្នាំ២០២៤ ការណាត់ជួបបន្ទាប់ត្រូវបានកំណត់ធ្វើឡើងនៅភ្នំពេញ ដែលនៅទីនោះ ខ្ញុំនឹងមានសេចក្តីសោមនស្សរីករាយក្នុងការទៅបំពេញទស្សនកិច្ចនាខែវិច្ឆិកា ។ នេះជាឱកាសបន្ថែមមួយទៀត ដើម្បីពង្រឹងចំណងមិត្តភាពដែលផ្សារភ្ជាប់ប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតខ្លាំងឡើង។»
ជាមូយគ្នានេះ លោកប្រធានាធិបតីបារាំង បានថ្លែងអំណរគុណចំពោះសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) កាលពីម្សិលមិញនៅទីក្រុងលីយ៉ុង និងសម្រាប់ការពិភាក្សាផ្លាស់ប្តូរយោបល់រវាងគ្នា ក្នុងទីក្រុងប៉ារីស។
ប្រធានាធិបតីបារាំង បានសង្កត់ធ្ងន់ថា រវាងកម្ពុជា និងបារាំង មានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ។
សូមជម្រាបថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Sommet de la Francophonie) លើកទី២០ នៅឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ នេះជាលើកដំបូងដែលកម្ពុជារៀបចំព្រឹត្តិការណ៍នេះ ដែលបង្ហាញពីកិត្យនុភាពអន្តរជាតិ និងជំរុញសហប្រតិបត្តិការការទូត ទេសចរណ៍ និងសេដ្ឋកិច្ច ដោយមានការចូលរួមពីមេដឹកនាំប្រទេសនិយាយភាសាបារាំងប្រមាណជិត ៩០ប្រទេស៕